ក្រសួងឌីជីថលម៉ាឡេស៊ីបើកដំណើរការយុទ្ធនាការនវានុវត្តន៍របស់រដ្ឋាភិបាល ដើម្បីពន្លឿនបញ្ញាសិប្បនិម្មិតថ្នាក់ជាតិត្រឹមឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងឌីជីថលម៉ាឡេស៊ី បានធ្វើឱ្យសកម្មនូវគំនិតផ្តួចផ្តើមនវានុវត្តន៍របស់រដ្ឋាភិបាល (GII) ដែលជាកម្មវិធីជាតិមួយដែលមានគោលបំណងពន្លឿនការជំរុញរបស់ប្រទេសម៉ាឡេស៊ីឱ្យក្លាយជាប្រទេសបញ្ញាសិប្បនិម្មតិ (AI) នៅត្រឹមឆ្នាំ២០៣០។
គំនិតផ្តួចផ្តើមនេះបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី លោក ហ្គោប៊ីនដ៍ ស៊ីងហ៍ ដេអូ (Gobind Singh Deo) ដែលត្រូវបានរចនាឡើងដើម្បីផ្លាស់ប្តូរនវានុវត្តន៍របស់រដ្ឋាភិបាលលើសពីគោលនយោបាយ និងការសាកល្បងទៅជាការផ្តល់ជូនដែលអាចវាស់វែងបាន ដោយផ្តោតយ៉ាងខ្លាំងទៅលើការប្រើប្រាស់បច្ចេកវិទ្យាដែលផលិតឡើងដោយម៉ាឡេស៊ីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតក្នុងស្រុក និងជួយដល់អ្នកផលិតឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងស្រុកឱ្យពង្រីកទាំងក្នុងស្រុក និងអន្តរជាតិ។
ជាផ្នែកមួយនៃការដាក់ឱ្យដំណើរការនេះ សាជីវកម្មសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (MDEC) ដែលដឹកនាំដោយនាយកប្រតិបត្តិ លោក អានួរ ហ្វារីស ហ្វាដហ្ស៊ីល (Anuar Fariz Fadzil) និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងឌីជីថលរួមជាមួយក្រសួងសុខាភិបាល ដោយដាក់ឱ្យដំណើរការសាកល្បងដ៏សំខាន់មួយ ដែលគេស្គាល់ថាជាកម្មវិធី RadioConnect នៅមន្ទីរពេទ្យសាធារណៈចំនួនបី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
កម្មវិធី RadioConnect ផ្តល់ជូននូវការតភ្ជាប់ដែលមានមូលដ្ឋានទិន្នន័យអនឡាញជាមួយនឹងការចូលទៅប្រើប្រាស់ដោយសុវត្ថិភាពនៅទូទាំងអ្នកផ្តល់សេវាច្រើនតាមរយៈប្រព័ន្ធរក្សាទុករូបភាព និងទំនាក់ទំនង(PACS) របស់មន្ទីរពេទ្យនីមួយៗ។ ប្រព័ន្ធនេះមានបំណងធ្វើឱ្យការផ្ទុក ការទាញយក និងការចែករំលែករូបភាពរោគវិនិច្ឆ័យនានា ដូចជារូបភាពកាំរស្មីអ៊ិច រូបភាព MRI និងការស្កេន CT មានសុវត្ថិភាព សន្សំសំចៃ និងស្ទើរតែទទួលបានភ្លាមៗ ដែលអនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិត និងអ្នកអនុវត្តវេជ្ជសាស្ត្រដែលមានការអនុញ្ញាតចូលប្រើប្រាស់រូបភាពអ្នកជំងឺនៅទូទាំងនាយកដ្ឋាន និងមន្ទីរពេទ្យទូទាំងប្រទេស។
គោលបំណង គឺដើម្បីបង្កើនប្រសិទ្ធភាពរោគវិនិច្ឆ័យ និងការថែទាំអ្នកជំងឺ ដោយអនុញ្ញាតឱ្យមានការចូលប្រើប្រាស់រូបភាពវេជ្ជសាស្ត្រសំខាន់ៗបានលឿន និងរលូនជាងមុននៅទូទាំងប្រព័ន្ធថែទាំសុខភាពសាធារណៈ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





