រដ្ឋធានីឥណ្ឌូណេស៊ីប្រឈមនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ទីក្រុងហ្សាការតាកំពុងប្រឈមមុខនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ ដែលបង្ហាញឱ្យឃើញតាមរយៈដងផ្លូវដែលពោរពេញដោយសំរាម កន្លែងចាក់សំរាមដែលផ្ទុកលើសបន្ទុកនិងការភ័យខ្លាចនៃការរអិលបាក់គំនរសំរាម។
ទីក្រុងហ្សាការតា និងទីក្រុងរណបរបស់ខ្លួន ដែលត្រូវបានគេស្គាល់ជារួមថាជាតំបន់ចាបូដេតាបេក មានប្រជាជនរស់នៅចំនួន ៤២លាននាក់ និងបន្សល់សំរាមប្រមាណ ១៤.០០០តោនជារៀងរាល់ថ្ងៃ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បញ្ហានេះបានធ្វើឱ្យកន្លែងចាក់សំរាមប្រមាណជា ៨កន្លែងដែលកំពុងបម្រើឱ្យតំបន់នេះកាន់តែមានភាពតានតឹង ដែលឥឡូវនេះវាដល់ពេលជិតអស់សមត្ថភាពផ្ទុកសំរាមទៀតហើយ។
អ្នកជំនាញបាននិយាយថា កំណើនប្រជាជន ការកើនឡើងនៃប្រាក់ចំណូលដែលនាំឱ្យមានការប្រើប្រាស់ខ្ពស់ និងកង្វះខាតនៃការចែកញែកប្រភេទសំរាម ព្រមទាំងការអនុវត្តបទប្បញ្ញត្តិនៃការចោលសំរាម បានបង្កើតឱ្យមានវិបត្តិនេះ។
ទីតាំងបាន់តា ហ្កេបាង ជាកន្លែងចាក់សំរាមបើកចំហធំជាងគេបំផុតមួយរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីជាង ១១០ហិកតា ហើយបច្ចុប្បន្នមានសំរាមប្រហែល ៥៥លានតោន។ មន្ត្រីទីភ្នាក់ងារបរិស្ថានក្នុងស្រុកម្នាក់មិនបានបញ្ជាក់ថា តើនៅសល់កន្លែងទំនេរប៉ុន្មានទៀតទេ បើទោះបីជាមានរបាយការណ៍ថា វាបានផ្ទុកសំរាមលើសពីសមត្ថភាពរួចហើយក៏ដោយ។
យោងតាមរដ្ឋាភិបាលក្នុងតំបន់ បានឱ្យដឹងថា ទីលានចាក់សំរាមដែលនៅជិតបំផុតអាចផ្ទុកកាកសំណល់បានត្រឹមតែ ៤០០តោនប៉ុណ្ណោះ ដែលទាបជាង ១.១០០តោនដែលត្រូវបានបន្សល់ទុកជារៀងរាល់ថ្ងៃនៅក្នុងតំបន់តាំងហ្កេរ៉ាងខាងត្បូង។ នេះបើយោងតាមរដ្ឋាភិបាលក្នុងតំបន់។
បញ្ហានេះលាតសន្ធឹងហួសពីរដ្ឋធានី ដោយលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានព្រមានថា ទីលានចាក់សំរាមស្ទើរតែទាំងអស់របស់ប្រទេសនឹងពេញ ឬលើសសមត្ថភាពផ្ទុកនៅត្រឹមឆ្នាំ២០២៨។
ទីតាំងរាប់រយនៅតែប្រើប្រាស់ទីលានចាក់សំរាមបើកចំហ បើទោះបីជាវាខុសច្បាប់ក៏ដោយ ហើយកាកសំណល់ត្រូវបានដុតជាញឹកញាប់ដែលបានបញ្ចេញសារធាតុបំពុលដែលអាចបង្កគ្រោះថ្នាក់។
ទីលានចាក់សំរាមលើសសមត្ថភាពក៏បង្កហានិភ័យបន្ថែមផងដែរ។នៅក្នុងឆ្នាំ២០២២ គំនរសំរាមកម្ពស់ ៣០ម៉ែត្រនៅកន្លែងចាក់សំរាមមួយក្នុងទីក្រុងស៊ីប៉ាយុង ក្នុងខេត្តជ្វាខាងលិច បានបង្កឱ្យមានការរអិលបាក់ហូរចូលទៅក្នុងទន្លេ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនមានគម្រោងបិទទីលានចាក់សំរាមជាច្រើនជាអចិន្ត្រៃយ៍ រួមទាំងកន្លែងចាក់សំរាមនៅតំបន់តាំងហ្កេរ៉ាងខាងត្បូង និងទីក្រុងស៊ីប៉ាយុង។ ខ្លួនកំពុងលើកកម្ពស់រោងចក្រកែច្នៃកាកសំណល់ទៅជាថាមពល ដែលអាចដុតសំរាមដើម្បីផលិតអគ្គិសនីដោយមានគម្រោងចំនួន៣៤ គ្រោងទុកក្នុងរយៈពេលពីរឆ្នាំខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





