ឧបនាយករដ្ឋមន្ត្រីលីបង់៖ យើងកំពុងកសាងទំនាក់ទំនងនៃការជឿទុកចិត្ត និងផលប្រយោជន៍រួមជាមួយស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោក តារ៉េក មីទ្រី (Tarek Mitri) ឧបនាយករដ្ឋមន្ត្រីលីបង់ បានប្រាប់សារព័ត៌មានអាណាដូលូថា ប្រទេសលីបង់ និងស៊ីរី កំពុងធ្វើការងារដើម្បីកសាងទំនាក់ទំនងថ្មីមួយដោយផ្អែកលើការជឿទុកចិត្តគ្នា ផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនោះនឹងលាតសន្ធឹងហួសពីបញ្ហាអ្នកជាប់ឃុំឃាំងស៊ីរី។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាណាដូលូ លោក មីទ្រីបាននិយាយថា កិច្ចពិភាក្សារវាងទីក្រុងបេរូត និងទីក្រុងដាម៉ាសគ្របដណ្តប់លើបញ្ហាជាច្រើន ហើយកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរមិនត្រូវបានទាមទារដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនោះទេ។
លោក មីទ្រី បានទៅទស្សនកិច្ចនៅប្រទេសស៊ីរីកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី លោក អាម៉ាដ អាល់-ស្សារ៉ា (Ahmad al-Sharaa) និងមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារការទូតឡើងវិញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា «ឧត្តមភាពយោធា និងផ្លូវអាកាសរបស់អ៊ីស្រាអែល បង្កើតជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់» ប៉ុន្តែលោកបានបន្ថែមថា វាមិនអាចគ្រប់គ្រងតំបន់ ឬបង្កើតតំបន់មជ្ឈិមបូព៌ាថ្មីនោះទេ បើទោះបីជាឧត្តមភាព និងសមត្ថភាពបំផ្លិចបំផ្លាញរបស់ខ្លួនក៏ដោយ»។
អស់រយៈពេលជិតពីរឆ្នាំមកហើយ ការវាយលុកយោធារបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ារង្គោះរង្គើ។ បន្ថែមពីលើសង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា និងអ៊ីរ៉ង់ អ៊ីស្រាអែលបានធ្វើសង្គ្រាមនៅលីបង់ និងបានបើកការវាយប្រហារតាមអាកាសលើប្រទេសស៊ីរី យេម៉ែន និងកាតា។
អ៊ីស្រាអែលបានកាន់កាប់ទឹកដីប៉ាឡេស្ទីន និងដីនៅក្នុងប្រទេសស៊ីរីនិងលីបង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អ៊ីស្រាអែលបានបដិសេធមិនដកថយ និងបានបដិសេធការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





