អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បញ្ចប់ជុំទីពីរដោយប្រយោលនៃកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ -- កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលជុំទីពីររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីការពិភាក្សាអស់រយៈពេលបួនម៉ោងនៅស្ថានទូតអូម៉ង់។ ដោយមានមន្ត្រីអូម៉ង់សម្របសម្រួលកិច្ចពិភាក្សានេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរកំណត់ចំណាំទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ ច្បាប់ និងសេដ្ឋកិច្ច។ កិច្ចប្រជុំនេះបង្ហាញពីការបន្តកិច្ចការងារការទូតដ៏សំខាន់មួយ បន្ទាប់ពីការផ្អាកអស់រយៈពេលប្រាំបីខែ ដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលកាលពីខែមិថុនាកន្លងទៅ។
គណៈប្រតិភូដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) និងអ្នកតំណាងសហរដ្ឋអាមេរិកលោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងលោក ចារ៉េដ គូស្ន័រ (Jared Kushner) បានផ្តោតជាចម្បងទៅលើទិដ្ឋភាពបច្ចេកទេសនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ភាគីទាំងពីរបានបង្ហាញនូវសំណើជាក់ស្តែងដោយក្រុមការងារបស់អ៊ីរ៉ង់បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបន្ធូរបន្ថយទណ្ឌកម្ម។ អ្នកជំនាញមកពីប្រទេសទាំងពីរក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានោះដែរ ដើម្បីស្វែងរកក្របខ័ណ្ឌបច្ចេកទេស និងច្បាប់ដែលមានភាពស្មុគស្មាញ ដែលជាតម្រូវការសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន។
បើទោះបីជាមានការចូលរួមឡើងវិញក៏ដោយ ក៏ឧបសគ្គធំៗនៅតែមានខណៈដែលរបាយការណ៍បានបង្ហាញថា សំណើបច្ចុប្បន្នរបស់អ៊ីរ៉ង់អាចមិនអាចទទួលយកបានដោយភាគីសហរដ្ឋអាមេរិក។ ក្រុមទាំងពីរបានត្រឡប់ទៅកាន់រដ្ឋធានីរបស់ខ្លួនរៀងៗខ្លួនវិញ ដើម្បីពិនិត្យមើលការពិភាក្សានិងការសម្របសម្រួលសម្រាប់ជំហានបន្ទាប់របស់ពួកគេ។ ខណៈដែលកាលបរិច្ឆេទសម្រាប់ជុំទីបីនៅមិនទាន់ត្រូវបានកំណត់នៅឡើយនោះការចូលរួមពីទីប្រឹក្សាជាន់ខ្ពស់បានបង្ហាញពីការប៉ុនប៉ងដ៏សំខាន់ បើទោះបីជាមានការពិបាកក្នុងការបន្ថយភាពតានតឹងក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





