ម៉ាឡេស៊ីរឹបអូសគ្រឿងញៀនជាងបីតោន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប៉ូលិសម៉ាឡេស៊ីបានរុះរើក្រុមជួញដូរគ្រឿងញៀនអន្តរជាតិដ៏សំខាន់មួយ និងបានរឹបអូសគ្រឿងញៀនជាងបីតោន ដែលមានតម្លៃប៉ាន់ស្មានលើសពី ៤៤លានដុល្លារអាម៉េរិក។
លោក ម៉ូដ ខាលីដ អ៊ីស្មែល (Mohd Khalid Ismail) អគ្គស្នងការប៉ូលិសបាននិយាយថា ក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ អាជ្ញាធរបានរឹបអូសកុងតឺន័រចំនួនប្រាំមួយនៅកំពង់ផែនៅរដ្ឋសាបា និងរដ្ឋសេឡាងហ្គោនិងបានចាប់ខ្លួនជនសង្ស័យចំនួនប្រាំបីនាក់។ សរុបមក ប៉ូលិសបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣.០៤៣,៥គីឡូក្រាម ថ្នាំញៀនប្រភេទកេតាមីនចំនួន ១០២,៥គីឡូក្រាម ថ្នាំញៀនគ្រាប់អេកស្តាស៊ីចំនួន៩០គីឡូក្រាម សារធាតុរាវសម្រាប់ឧបករណ៍ជក់អេឡិចត្រូនិចវេបចំនួន០៤គីឡូក្រាមដែលសង្ស័យថាមានផ្ទុកសារធាតុកូកាអ៊ីន និងថ្នាំញៀនគ្រាប់អេរីមីន៥ ចំនួន ២,៦គីឡូក្រាម។
ការស៊ើបអង្កេតបឋម បានបង្ហាញថា ក្រុមនេះបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយប្រើប្រាស់ផ្លូវសមុទ្រឆ្លងកាត់សមុទ្រខាងកើតជាផ្លូវដឹកជញ្ជូនសំខាន់របស់ខ្លួន។ គ្រឿងញៀនទាំងនេះត្រូវបានរក្សាទុកក្នុងទូរកុងតឺន័រនៅកន្លែងដឹកជញ្ជូនមុនពេលចែកចាយទៅកាន់ទីផ្សារអន្តរជាតិ។
លោក ខាលីដ បានព្រមានថា ប្រសិនបើគ្រឿងញៀនដែលរឹបអូសបានចូលទៅក្នុងទីផ្សារ វាអាចប៉ះពាល់ដល់មនុស្សរហូតដល់ ១៦លាននាក់។លោកបានពិពណ៌នាអំពីការជួញដូរគ្រឿងញៀនថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងស្ថិរភាពសង្គម ដោយបានសង្កត់ធ្ងន់ថាប៉ូលិសម៉ាឡេស៊ីនឹងមិនសម្របសម្រួលជាមួយភាគីណាមួយ ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មបែបនេះឡើយ។
ប្រសិនបើត្រូវបានកាត់ទោស ជនសង្ស័យប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





