អ៊ីរ៉ង់ជំរុញឱ្យសហរដ្ឋអាមេរិកចរចាដោយឯករាជ្យពីឥទ្ធិពលរបស់អ៊ីស្រាអែលនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានជំរុញឱ្យសហរដ្ឋអាមេរិកវាយតម្លៃផលប្រយោជន៍របស់ខ្លួនដោយឯករាជ្យពីឥទ្ធិពលរបស់អ៊ីស្រាអែលក្នុងកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានអាល់ចាហ្ស៊ីរ៉ា លោកអាលី ឡារីចានី (Ali Larijani) លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ដំណើរការនៃកិច្ចចរចាកំពុងបន្ត ហើយប្រទេសក្នុងតំបន់ក៏កំពុងខិតខំប្រឹងប្រែងដើម្បីជួយឱ្យកិច្ចចរចាទទួលបានជោគជ័យផងដែរ។
ថ្លែងទៅកាន់លិខិតមួយដែលផ្ញើតាមរយៈរដ្ឋមន្ត្រីការបរទេសអូម៉ង់លោក បាដ ប៊ីន ហាម៉ាដ អាល់-ប៊ូសៃឌី (Badr bin Hamad al-Busaidi)ដោយបង្ហាញពីគោលជំហររបស់ទីក្រុងតេអេរ៉ង់ទៅកាន់សហរដ្ឋអាមេរិកនោះ លោក ឡារីចានី បាននិយាយថា មិនទាន់ទទួលបានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ។
លោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការក្នុងកិច្ចចរចា និងបន្តគាំទ្រកិច្ចចរចា ដោយបានកត់សម្គាល់ថា មានមូលដ្ឋានរួមរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីអ៊ីរ៉ង់ដែលមិនមានអាវុធនុយក្លេអ៊ែរ ដែលខ្លួនទទូចថាខ្លួនមិនបន្ត។
ដោយសង្កត់ធ្ងន់ថា ដំណើរការនៃកិច្ចចរចាមិនគួរត្រូវបានពន្យារពេលលោក ឡារីចានី បាននិយាយថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់នឹងមិនជាផ្នែកមួយនៃកិច្ចចរចានោះទេ ព្រោះការរួមបញ្ចូលប្រធានបទផ្សេងទៀតអាចរំខានដល់ដំណើរការនេះ។
លោកបាននិយាយថា «កម្មវិធីមីស៊ីលរបស់យើង គឺដាច់ដោយឡែកទាំងស្រុងពីកម្មវិធីនុយក្លេអ៊ែរ។ វាជាបញ្ហាក្នុងស្រុក ដែលជាទូទៅត្រូវបានភ្ជាប់ទៅនឹងសន្តិសុខជាតិរបស់យើង។ ដូច្នេះ វាមិនអាចជាផ្នែកមួយនៃកិច្ចចរចាទាំងនេះបានទេ»។
លោកក៏បាននិយាយផងដែរថា គំនិតនៃការកាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនដល់សូន្យ គឺ «មិនមាននៅលើតុពិភាក្សាទេ»។
លោកបាននិយាយថា «វាមិនអាចអនុវត្តបានទេសម្រាប់ប្រទេសដែលមានជំនាញខាងបច្ចេកវិទ្យានេះរួចហើយ ដើម្បីកាត់បន្ថយវាឱ្យដល់សូន្យនោះ» ដោយលោកបានលើកឡើងពីតម្រូវការសម្រាប់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់សម្រាប់គោលបំណងផ្សេងៗ ដូចជាការស្រាវជ្រាវសុខភាពនិងការព្យាបាលជាដើម។
លោក ឡារីចានី ក៏បានសង្កត់ធ្ងន់ផងដែរថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការគំរាមកំហែងដែលអាចកើតមាន ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានព្យាយាមជ្រៀតជ្រែកក្នុងកិច្ចចរចា និងធ្វើឱ្យតំបន់មានអស្ថិរភាព។
លោកបាននិយាយថា «កិច្ចចរចារបស់យើង គឺផ្តាច់មុខជាមួយសហរដ្ឋអាមេរិក។ យើងមិនចូលរួមក្នុងកិច្ចចរចាណាមួយជាមួយអ៊ីស្រាអែលទេ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានបញ្ចូលខ្លួនទៅក្នុងដំណើរការនេះ ដោយមានបំណងធ្វើឱ្យខូច និងបំផ្លាញកិច្ចចរចាទាំងនេះ»។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងតួកគី ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។
ដោយធ្វើអត្ថាធិប្បាយទៅលើសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីក្នុងខែមិថុនាឆ្នាំមុន លោក ឡារីចានី បានទទួលស្គាល់ថាឧបករណ៍ស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់មិនខ្លាំងដូចដែលបានបង្ហាញនោះទេប៉ុន្តែលោកបានកត់សម្គាល់ថា វិធានការសន្តិសុខត្រូវបានពង្រឹង ហើយការវាយប្រហាររបស់អ៊ីស្រាអែលបានជំរុញឱ្យមានការឯកភាពជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





