អ៊ីស្រាអែលវាយប្រហារតាមអាកាសចំនួន ១៤លើកនៅក្នុងប្រទេសលីបង់ភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- យន្តហោះកងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ជាច្រើននៅក្នុងប្រទេសលីបង់ភាគខាងត្បូង កាលពីយប់ថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពព័ត៌មានយោធាលីបង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស្ពុតនីក (Sputnik)។
ប្រភពព័ត៌មាននោះបាននិយាយថា «យប់មិញនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ខ្លាំងក្លាជាបន្តបន្ទាប់ជាមួយនឹងគ្រាប់មីស៊ីលធុនធ្ងន់ៗទៅលើ [តំបន់ជាច្រើន] នៅក្នុងប្រទេសលីបង់ភាគខាងត្បូង»។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការវាយប្រហារទាំងនោះត្រូវបានធ្វើឡើងជារលកជាច្រើននៅតំបន់ភ្នំ និងនៅជិតតំបន់លំនៅដ្ឋាន។ ប្រភពព័ត៌មាននោះបាននិយាយថា ការវាយប្រហារសរុបចំនួន ១៤លើកត្រូវបានកត់ត្រាទុក។ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បានរាយការណ៍ពីការវាយប្រហារជាច្រើនទៀត។
កងទ័ពអ៊ីស្រាអែលបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាឌីជីថលភាសាអារ៉ាប់របស់ខ្លួន ដោយបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ចលនាហេសបូឡាហ៍ ត្រូវបានវាយប្រហារនៅក្នុងប្រទេសលីបង់ភាគខាងត្បូង។
កងទ័ពបានចាប់ផ្តើមពង្រាយអាវុធនៅភាគខាងត្បូង ដោយលុបបំបាត់ឃ្លាំងអាវុធ និងផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡាហ៍ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលសម្រេចបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើទោះបីជាមានកិច្ចព្រមព្រៀងទាំងនេះក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារកលើទឹកដីលីបង់ និងគំរាមកំហែងចាត់វិធានការខ្លាំងៗ ប្រសិនបើលីបង់មិនគោរពតាមការប្តេជ្ញាចិត្ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





