សមាគមសាលារៀនប៊ុលហ្គារីនៅបរទេស រៀបចំសិក្ខាសាលាតាមអនឡាញសម្រាប់ថ្នាក់ដឹកនាំសាលារៀន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- សមាគមសាលារៀនប៊ុលហ្គារីនៅបរទេស (ABSA) បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានរៀបចំសិក្ខាសាលាតាមអនឡាញសម្រាប់ថ្នាក់ដឹកនាំសាលារៀន ដែលផ្តោតសំខាន់ទៅលើការចែករំលែកការអនុវត្តល្អ និងដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមដែលសាលារៀនប៊ុលហ្គារីជួបប្រទះនៅក្រៅប្រទេស។សិក្ខាសាលាតាមអនឡាញដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ២០២៦ នេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន ៥៨នាក់មកពីបណ្តាសាលារៀនប៊ុលហ្គារីនៅបរទេស ដោយបានបង្ហាញពីការចូលរួមយ៉ាងរឹងមាំនៅក្នុងសហគមន៍ និងតម្រូវការសម្រាប់វេទិកាវិជ្ជាជីវៈសម្រាប់ការផ្លាស់ប្តូរនិងការគាំទ្រគ្នាទៅវិញទៅមក។ នេះបើយោងតាមអ្នកនាំពាក្យរបស់សមាគមABSA គឺលោកស្រី ស៊ីម៉ូណា ហ្សាហារីវ៉ា (Simona Zaharieva)។
ព្រឹត្តិការណ៍នេះត្រូវបានរចនាឡើងជាវេទិកាអន្តរកម្ម ដែលអនុញ្ញាតឱ្យអ្នកចូលរួមពិភាក្សាអំពីករណីជីវិតពិត សួរសំណួរ និងចែករំលែកបទពិសោធន៍។ ប្រធានបទសំខាន់ៗរួមមាន ការគ្រប់គ្រងក្រុម និងភាពជាអ្នកដឹកនាំរបស់សាលា ការអប់រំដែលមានការរួមបញ្ចូល និងធ្វើការជាមួយសិស្សានុសិស្សដែលមានតម្រូវការអប់រំពិសេស ការលើកទឹកចិត្ត និងការរក្សាសិស្សនៅកម្រិតមធ្យមសិក្សា និងតួនាទីនៃសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងការកសាងសហគមន៍សាលារៀនឱ្យរឹងមាំ។
យោងតាមលោកស្រី ហ្សាហារីវ៉ា បានឱ្យដឹងថា កិច្ចពិភាក្សាអំពីការអប់រំដែលមានការរួមបញ្ចូល បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងដែលឆ្លុះបញ្ចាំងពីភាពរសើប និងភាពស្មុគស្មាញនៃការធ្វើការងារជាមួយសិស្សានុសិស្ស ដែលមានតម្រូវការអប់រំពិសេសនៅក្នុងសាលារៀនប៊ុលហ្គារីនៅបរទេស។
សមាគម ABSA បាននិយាយថា សិក្ខាសាលាតាមអនឡាញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ខ្លួន ដើម្បីលើកកម្ពស់ការសន្ទនាប្រកបដោយវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរការអនុវត្តល្អបំផុតក្នុងចំណោមសាលារៀនប៊ុលហ្គារីនៅទូទាំងពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





