រដ្ឋាភិបាលកណ្តាលនឹងជួយកសាងទីក្រុងសៀងហៃឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនសកលលោកបៃតង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការគាំទ្រគ្រប់ជ្រុងជ្រោយនឹងត្រូវបានផ្តល់ជូនទីក្រុងសៀងហៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជួយកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសចិនមួយនេះឱ្យក្លាយទៅជាមជ្ឈមណ្ឌលសកលលោកសម្រាប់ការផ្ទុក និងជួញដូរថាមពលបៃតងរបស់នាវានៅត្រឹមឆ្នាំ២០៣០។ នេះបើយោងតាមប្រភពផ្លូវការមួយ។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងដឹកជញ្ជូនចិន បានឱ្យដឹងថា គោលដៅទាំងនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពដែលចេញរួមគ្នាដោយនាយកដ្ឋានរដ្ឋាភិបាលកណ្តាលចំនួន១០ រួមទាំងក្រសួងដឹកជញ្ជូនផងដែរ។
ជាពិសេស កំពង់ផែសៀងហៃនឹងសម្រេចបាននូវសមត្ថភាពផ្ទុកឧស្ម័នធម្មជាតិរាវចំនួន ១ លានម៉ែត្រគូបនៅត្រឹមឆ្នាំ២០៣០ រួមជាមួយនឹងសមត្ថភាពផ្ទុកសារធាតុមេតាណុល និងជីវឥន្ធនៈដល់កម្រិត ១លានតោន។
ផែនការនេះក៏បានគូសបញ្ជាក់ពីភារកិច្ចសំខាន់ៗ ដែលផ្តោតទៅលើវិស័យចំនួនប្រាំពីរ ដែលរួមមានទាំងការផ្គត់ផ្គង់ គំរូសេវាកម្ម ស្តង់ដារអន្តរជាតិ និងសុវត្ថិភាពជាដើម។
របាយការណ៍មួយដែលបានចេញផ្សាយនៅលើគណនី WeChat ផ្លូវការរបស់គណៈកម្មការដឹកជញ្ជូនក្រុងសៀងហៃ បាននិយាយថា ផែនការសកម្មភាព ដែលជាវិធានការសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍទីក្រុងសៀងហៃឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនសកលលោក ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការដើរតួនាទីនាំមុខគេក្នុងការផ្លាស់ប្តូរបៃតង និងកាបូនទាបនៃឧស្សាហកម្មដឹកជញ្ជូនសកលលោកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





