ប្រទេសចិនឈានដល់មួយជំហានទៀតដែលខិតជិតដល់បេសកកម្មដឹកមនុស្សទៅឋានព្រះច័ន្ទ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសចិនបានធ្វើការសាកល្បងហោះហើរដ៏សំខាន់មួយរបស់គ្រាប់រ៉ុក្កែតឡុងម៉ាច១០ និងយានអវកាសម៉េងចូវ ប្រកបដោយជោគជ័យកាលពីថ្ងៃពុធ ដោយខិតជិតដល់គោលដៅរបស់ខ្លួននៃបេសកកម្មនាំមនុស្សទៅកាន់ឋានព្រះច័ន្ទនៅត្រឹមឆ្នាំ២០៣០។ ដោយបានបាញ់បង្ហោះចេញពីទីតាំងបង្ហោះអវកាសវេនឆាងបេសកកម្មនេះសម្រេចបាននូវស្នាដៃប្រវត្តិសាស្ត្រដំបូងជាច្រើន រួមទាំងការវិលត្រឡប់មកផែនដីវិញប្រកបដោយជោគជ័យជាលើកដំបូងរបស់ប្រទេសចិន និងការទម្លាក់គ្រាប់រ៉ុក្កែតអវកាសជាលើកដំបូងផងដែរ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ បានបង្ហាញពីការលោតផ្លោះដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគ្រាប់រ៉ុក្កែត ដែលអាចប្រើឡើងវិញបាន ដែលបច្ចុប្បន្នឈានមុខគេដោយសហរដ្ឋអាមេរិក។
ការធ្វើតេស្តសាកល្បងនេះផ្តោតសំខាន់ទៅលើសមយុទ្ធដែលមានហានិភ័យខ្ពស់ ជាពិសេសការធ្វើតេស្តសាកល្បងគេចចេញ «Max Q»ដែលយានអវកាសម៉េងចូវបានបំបែកចេញប្រកបដោយជោគជ័យនៅចំណុចសម្ពាធខ្យល់ជាអតិបរមា។ ខណៈដែលយានអវកាសបានចុះចតដោយសុវត្ថិភាពតាមរយៈឆ័ត្រយោងនៅសមុទ្រចិនខាងត្បូង គ្រាប់រ៉ុក្កែតឡុងម៉ាច១០ បានបន្តចូលទៅក្នុងគែមនៃលំហមុនពេលធ្វើការចុះចតដែលត្រូវបានគ្រប់គ្រង។ ដោយប្រើព្រុយក្រឡាចត្រង្គ និងការដំឡើងម៉ាស៊ីនឡើងវិញដើម្បីគ្រប់គ្រងល្បឿន និងគន្លង វាបានអនុវត្តសមយុទ្ធដ៏ទំនើបមួយដើម្បីសំកាំងខ្លួន និងបាញ់ទម្លាក់នៅក្នុងតំបន់ស្តារឡើងវិញដែលបានកំណត់។
ក្រុមវិស្វករបានបញ្ជាក់ថា បេសកកម្មនេះបានផ្ទៀងផ្ទាត់ប្រព័ន្ធសំខាន់ៗសម្រាប់ការរុករក ភាពធន់នឹងកំដៅ និងការរកឃើញនូវដំណើរការខុសប្រក្រតីក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ។ ទាំងគ្រាប់រ៉ុក្កែតឡុងម៉ាច១០ និងយានអវកាសម៉េងចូវ សុទ្ធតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ចុងក្រោយរបស់ពួកគេនៅសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន។ នៅពេលដែលមានដំណើរការពេញលេញ យានអវកាសទាំងនេះនឹងក្លាយជាយានចម្បងសម្រាប់ដឹកជញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងដឹកទំនិញទៅកាន់ស្ថានីយ៍អវកាសទៀងកុង ដែលនៅទីបំផុតវានឹងជំនួសម៉ូដែលសិនចូវ ដែលជាម៉ូដែលចាស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





