កូរ៉េខាងត្បូងនឹងចូលរួមសមយុទ្ធពហុជាតិសាសន៍ Cobra Gold នៅប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- កងទ័ពជើងទឹក និងកងម៉ារីនកូរ៉េខាងត្បូងនឹងចូលរួមក្នុងសមយុទ្ធ Cobra Gold ពហុជាតិសាសន៍នៅក្នុងប្រទេសថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការជាមួយកងកម្លាំងមកពីជុំវិញពិភពលោក។
យោងតាមមន្ត្រីយោធាបានឱ្យដឹងថា មន្ត្រីប្រហែល ៣៩០នាក់ត្រូវបានគ្រោងនឹងចាកចេញពីមូលដ្ឋានកងទ័ពជើងទឹកសំខាន់មួយក្នុងទីក្រុងប៊ូសានមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលនៅថ្ងៃនោះ ដើម្បីចូលរួមសមយុទ្ធប្រចាំឆ្នាំដែលសហរដ្ឋអាមេរិក និងប្រទេសថៃធ្វើជាម្ចាស់ផ្ទះរួមគ្នា។
សមយុទ្ធនៅឆ្នាំនេះ ដែលគ្រោងនឹងដំណើរការចាប់ពីថ្ងៃទី២៣ ខែកុម្ភៈដល់ថ្ងៃទី៦ ខែមីនា នឹងប្រមូលផ្តុំកងទ័ពមកពី ១០ប្រទេស រួមទាំងប្រទេសសិង្ហបុរី ជប៉ុន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយនាវាចុះចត ROKS Nojeokbong មានទម្ងន់ ៤.៩០០ តោន រួមជាមួយយានជំនិះវាយប្រហារលើគោក និងក្នុងទឹក KAAV ចំនួន ៥គ្រឿង រថក្រោះ K-55A1 ចំនួន២គ្រឿង និងរថក្រោះប្រឆាំងយន្តហោះ K-30W Chunho មួយគ្រឿង។ នេះជាលើកដំបូងហើយដែលរថក្រោះ Chunho ត្រូវបានចល័តសម្រាប់សមយុទ្ធនៅក្រៅប្រទេសចាប់តាំងពីការដាក់ពង្រាយរបស់វា។
កងទ័ពនឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាច្រើន ចាប់ពីការចុះចតលើគោកនិងការបាញ់គ្រាប់ពិត ក៏ដូចជាសមយុទ្ធប្រតិបត្តិការពិសេស រហូតដល់សមយុទ្ធការពារអវកាស និងការពារតាមប្រព័ន្ធអ៊ីនធឺណិតរួមគ្នា។
ជាផ្នែកមួយនៃសមយុទ្ធនេះ កងទ័ពក៏នឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីស្គាល់ពីវិធានការឆ្លើយតបក្នុងស្ថានភាពគ្រោះមហន្តរាយ និងសាងសង់សាលប្រជុំសាលារៀនសម្រាប់សិស្សថៃ។
សមយុទ្ធ Cobra Gold ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨២ ផ្តោតលើការបណ្តុះបណ្តាលកងកម្លាំងពហុជាតិសាសន៍សម្រាប់នីតិវិធីយោធា និងមនុស្សធម៌ជាច្រើន។
ប្រទេសកូរ៉េខាងត្បូងបានចូលរួមជាផ្លូវការនៅក្នុងសមយុទ្ធនេះចាប់តាំងពីឆ្នាំ២០១០ បន្ទាប់ពីបានចូលរួមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០២ដល់ឆ្នាំ២០០៩៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





