លោក ឌីអាហ្ស-កានែល អរគុណដល់ប្រទេសម៉ិកស៊ិកូចំពោះជំនួយមនុស្សធម៌
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាហ្ស-កានែល (Miguel Diaz-Canel) បានថ្លែងអំណរគុណដល់ប្រទេសម៉ិកស៊ិកូ ដែលបានបញ្ជូនជំនួយមនុស្សធម៌ជាង ៨១៤តោនក្នុងអំឡុងពេលដែលមានការរឹតបន្តឹងនៃការបិទផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសក្នុងតំបន់ការាបៀនមួយនេះ។ នៅលើគណនីបណ្តាញសង្គមអ៊ិចរបស់លោកប្រធានាធិបតី បានសម្តែងការអបអរសាទរថា «សូមអរគុណម៉ិកស៊ិកូ។ ចំពោះសាមគ្គីភាព ការស្រលាញ់ និងការឱបក្រសោបដ៏កក់ក្តៅជានិច្ចដល់គុយបា»។
ក្រសួងការបរទេសគុយបា បានតបវិញដោយពាក្យសាមញ្ញថា«អរគុណ» ដោយបន្ទរពាក្យរបស់ឯកអគ្គរដ្ឋទូតនៃប្រទេសកោះនេះប្រចាំប្រទេសម៉ិកស៊ិកូ លោក អឺគូនីញ៉ូ ម៉ាទីណេស (Eugenio Martinez)។
អ្នកការទូតរូបនេះបាននិយាយថា «យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន និងប្រធានាធិបតីម៉ិកស៊ិកូ ចំពោះជំនួយសម្ភារៈដែលបានផ្ញើមកកាន់ប្រជាជនគុយបា»។
នាវា Papaloapan និងនាវា Isla Holbox បានចេញដំណើរពីកំពង់ផែវើរ៉ាគ្រុស ជាមួយនឹងជំនួយដែលនឹងជួយកាត់បន្ថយផលវិបាកនៃសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសគុយបា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ិកស៊ិកូបានរៀបរាប់លម្អិតថា នាវា Papaloapan បានដឹកជញ្ជូនស្បៀងអាហារសំខាន់ៗដែលរួមទាំងទឹកដោះគោរាវ ផលិតផលសាច់ នំឃុកឃី សណ្តែក អង្ករ ត្រីធូណា ត្រីសាឌីន និងប្រេងបន្លែ ក៏ដូចជាផលិតផលអនាម័យផ្ទាល់ខ្លួន ដែលមានទំនិញប្រហែល ៥៣៦តោន ទន្ទឹមនឹងនាវា Isla Holbox បានដឹកជញ្ជូនទឹកដោះគោម្សៅជាង ២៧៧តោន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





