រដ្ឋមន្ត្រីការបរទេសគុយបាគូសបញ្ជាក់ពីតួនាទីរបស់ទីភ្នាក់ងារចិនដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសគុយបាលោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស (Bruno Rodriguez) ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាបេសកជនពិសេសរបស់បក្សកុម្មុយនិស្ត (CPC) និងរដ្ឋាភិបាលគុយបា បានជួបប្រជុំពិភាក្សាជាមួយលោកជេន ស៊ាវតុង (Chen Xiaodong) នាយកទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA)។
យោងតាមអ្នកការទូតរូបនេះ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិភាក្សានោះ លោកបានទទួលស្គាល់អំពីការងារ និងកិច្ចខិតខំប្រឹងប្រែងដែលទីភ្នាក់ងារនេះបានធ្វើក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសនៅក្នុងបរិបទបច្ចុប្បន្នដែលប្រទេសកោះគុយបាកំពុងប្រឈមមុខ។
ជាផ្នែកមួយនៃរបៀបវារៈរបស់លោកនៅទីក្រុងប៉េកាំង លោក រ៉ូឌ្រីហ្គេស ក៏បានជួបប្រជុំជាមួយលោក លុយ ហៃស៊ីង (Liu Haixing)ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិនផងដែរ។
ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចំណងមិត្តភាពអន្តរបក្ស គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី។
មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានសម្តែងការជូនពររបស់លោកចំពោះប្រជាជន និងរដ្ឋាភិបាលគុយបា ខណៈដែលបានគូសបញ្ជាក់ពីភាពស្វាហាប់នៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងហាវ៉ាណា។
លោក រ៉ូឌ្រីហ្គេស បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរសម្រាប់សន្តិភាព វិបុលភាព និងសុខភាពដល់ប្រជាជនចិនក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះផងដែរ។
លោកបានកត់សម្គាល់ថា កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ និងមានគ្រោះថ្នាក់ ដែលត្រូវបានកំណត់លក្ខណៈដោយការចុះខ្សោយយ៉ាងឆាប់រហ័សនៃសណ្តាប់ធ្នាប់អន្តរជាតិហើយដែលក្លាយទៅជាការគំរាមកំហែងដល់សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា។
ប្រទេសទាំងពីរកំពុងសម្រេចបាននូវវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-គុយបា ដែលមានអនាគតរួមគ្នា ដែលត្រូវបានកំណត់លក្ខណៈដោយការសម្របសម្រួលកម្រិតខ្ពស់ ការជឿទុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក ការគាំទ្រចំពោះផលប្រយោជន៍ជាមូលដ្ឋានរបស់ពួកគេ និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដែលជំរុញដោយការឯកភាពគ្នារវាងមេដឹកនាំរៀងៗខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





