ហាងម៉ាកល្បី Louis Vuitton, Dior និង Tiffany នៅកូរ៉េខាងត្បូងត្រូវបានពិន័យជាប្រាក់ ២៤,៩លានដុល្លារអាម៉េរិកពីបទលេចធ្លាយទិន្នន័យអតិថិជន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- អង្គការឃ្លាំមើលឯកជនភាពរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានពិន័យហាងកូរ៉េនៃម៉ាកល្បីៗដូចជា ហាង Louis Vuitton ហាង Dior និងហាងTiffany សរុបចំនួន ៣៦ប៊ីលានវ៉ុន (២៤,៩លានដុល្លារអាម៉េរិក) ពីបទលេចធ្លាយព័ត៌មានទិន្នន័យរបស់អតិថិជន។
គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន បានធ្វើការសម្រេចចិត្តមួយនៅក្នុងកិច្ចប្រជុំពេញអង្គមួយកាលពីមួយថ្ងៃមុន ដោយដាក់ពិន័យដល់ក្រុមហ៊ុន Louis Vuitton កូរ៉េខាងត្បុងចំនួន ២១,៤ប៊ីលានវ៉ុន ដែលជាចំនួនច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនទាំងបី ពីបទរំលោភទិន្នន័យរបស់អតិថិជនប្រមាណ ៣,៦លាននាក់។
អង្គការឃ្លាំមើលមួយនេះ បាននិយាយថា ជនល្មើសពីខាងក្រៅម្នាក់បានលួចព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដូចជាឈ្មោះអ្នកប្រើប្រាស់លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត ជាងបីដង ដោយការលួចចូលទៅក្នុងឧបករណ៍របស់បុគ្គលិក។ ខ្លួនបានកត់សម្គាល់ថា ក្រុមហ៊ុននេះមានការអនុវត្តសុវត្ថិភាពមិនល្អសម្រាប់ការចូលប្រើប្រាស់ពីចម្ងាយ។
ទន្ទឹមនឹងនេះដែរ និយតករបានពិន័យហាង Christian Dior Couture Korea និងហាង Tiffany Korea ចំនួន ១២,២ប៊ីលានវ៉ុន និង ២,៤ប៊ីលានវ៉ុនរៀងៗខ្លួន ចំពោះការលួចទិន្នន័យ បន្ទាប់ពីបុគ្គលិកត្រូវបានគេបោកបញ្ឆោតឱ្យផ្តល់សិទ្ធិចូលទៅប្រើប្រាស់ប្រព័ន្ធផ្ទៃក្នុងដល់ជនល្មើសដែលមានគំនិតអាក្រក់។
យោងតាមអង្គការឃ្លាំមើលនោះ បានឱ្យដឹងថា ហាង Dior បានរងការលួចទិន្នន័យអ្នកប្រើប្រាស់ប្រហែល ១,៩៥លាននាក់ ហើយមិនបានដឹងអំពីហេតុការណ៍នេះអស់រយៈពេលបីខែ ខណៈដែលការលេចធ្លាយនៅហាងTiffany ពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រហែល៤.៦០០នាក់។
ទិន្នន័យអ្នកប្រើប្រាស់ដែលលេចធ្លាយពីក្រុមហ៊ុនទាំងពីររួមមានឈ្មោះនិងអាសយដ្ឋានសារអេឡិចត្រូនិច (Email)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





