ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងមិនបានធ្វើកិច្ចព្រមព្រៀងដាច់ដោយឡែក ស្តីពីធ្យូងថ្ម ជាមួយសហរដ្ឋអាមេរិកទេ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងធនធានរបស់ប្រទេសកូរ៉េខាងត្បូង បានច្រានចោលចំពោះការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ដែលថាទីក្រុងសេអ៊ូលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកមួយ ស្តីពីធ្យូងថ្ម ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីមានការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីការចុះកិច្ចព្រមព្រៀងជាមួយប្រទេសជាច្រើន រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរដើម្បីជំរុញការនាំចេញធ្យូងថ្មរបស់សហរដ្ឋអាមេរិក។
មន្ត្រីក្រសួងម្នាក់បានប្រាប់សារព័ត៌មានកូរ៉េថាមស៍ថា «មិនមានកិច្ចព្រមព្រៀងពិសេសណាមួយជាក់លាក់អំពីធ្យូងថ្មនោះទេ។ វាហាក់ដូចជា(គាត់ចង់មានន័យថា) កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ដែលសហរដ្ឋអាមេរិកមានជាមួយប្រទេសមួយចំនួន ដូចជាប្រទេសកូរ៉េខាងត្បូងឥណ្ឌា និងជប៉ុនរហូតមកដល់ពេលនេះ គឺគ្រាន់តែមានប្រយោជន៍សម្រាប់ការនាំចេញធ្យូងថ្មប៉ុណ្ណោះ។ មិនមានកិច្ចព្រមព្រៀងដាច់ដោយឡែក ឬជាក់លាក់ណាមួយដែលធ្វើឡើងទាក់ទងនឹងធ្យូងថ្ម (រវាងកូរ៉េខាងត្បុង និងសហរដ្ឋអាមេរិក) នោះទេ»។
ក្នុងអំឡុងពេលព្រឹត្តិការណ៍ Champion of Coal នៅសេតវិមានកាលពីថ្ងៃពុធ (ម៉ោងក្នុងស្រុក) លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនទើបតែទទួលបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីពង្រីកការនាំចេញធ្យូងថ្ម។
លោក ត្រាំ បាននិយាយថា «ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រជាមួយប្រទេសជប៉ុនកូរ៉េខាងត្បូង ឥណ្ឌា និងប្រទេសដទៃទៀត ដើម្បីបង្កើនការនាំចេញធ្យូងថ្មរបស់យើងយ៉ាងខ្លាំង។ ឥឡូវនេះយើងកំពុងនាំចេញធ្យូងថ្មទៅកាន់ទូទាំងពិភពលោក»។
ការអត្ថាធិប្បាយរបស់លោកខាងលើនេះបានធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់លោក ត្រាំ ផ្លាស់ប្តូរដើម្បីលុបចោលបទប្បញ្ញត្តិបរិស្ថាន និងអាកាសធាតុសំខាន់ៗ ដែលត្រូវបានដាក់ឱ្យអនុវត្តក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) រួមទាំងច្បាប់សំខាន់ៗ ស្តីពីការបំភាយឧស្ម័នវិស័យថាមពល និងការទិញថាមពលស្អាតរបស់សហព័ន្ធជាដើម។
នៅពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំមុន លោក ត្រាំ បាននិយាយថាប្រទេសកូរ៉េខាងត្បូងបានព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវ ឬផលិតផលថាមពលផ្សេងទៀតរបស់សហរដ្ឋអាមេរិកក្នុងតម្លៃ ១០០ប៊ីលានដុល្លារអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងណាក៏ដោយ នេះជាលើកដំបូងដែលលោកបានភ្ជាប់ការនាំចេញធ្យូងថ្មរបស់សហរដ្ឋអាមេរិកទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





