លោក ដូណាល់ ត្រាំ ៖ លោកមិនគាំទ្រចំពោះការបញ្ចូលទឹកដីនៃតំបន់វេសប៊ែងរបស់អ៊ីស្រាអែលទេ
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីពេលថ្មីៗនេះថាលោកប្រឆាំងនឹងអ៊ីស្រាអែលដែលបញ្ចូលតំបន់វេសប៊ែងសម្រាប់ការកាន់កាប់។
នៅពេលដែលត្រូវបានសួរក្នុងអំឡុងពេលនៃបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអំពីជំហានថ្មីៗដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលសម្រាប់ទឹកដីដំបន់នេះ លោក ត្រាំ បានបដិសេធមិននិយាយលម្អិតទេ ប៉ុន្តែលោកបាននិយាយថា «ខ្ញុំសូមប្រឆាំងនឹងការបញ្ចូលនេះ»។
លោកបានបន្ថែមថា «យើងមានរឿងគ្រប់គ្រាន់ដើម្បីគិតអំពីវាឥឡូវនេះ។ យើងមិនចាំបាច់ដោះស្រាយជាមួយតំបន់វេសប៊ែងទេ»។
កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានបញ្ជាឱ្យលុបចោលច្បាប់ដែលហាមឃាត់ការលក់ដីប៉ាឡេស្ទីនទៅឱ្យជនជាតិយូដានៅតំបន់វេសប៊ែង ការលាតត្រដាងកំណត់ត្រាកម្មសិទ្ធិដីធ្លី និងការផ្ទេរសិទ្ធិអំណាចលិខិតអនុញ្ញាតសាងសង់នៅក្នុងប្លុកតាំងទីលំនៅ Hebron ពីក្រុងប៉ាឡេស្ទីនទៅរដ្ឋបាលស៊ីវិលអ៊ីស្រាអែល។
វិធានការទាំងនេះក៏ពង្រីកការត្រួតពិនិត្យ និងការអនុវត្តរបស់អ៊ីស្រាអែលទៅក្នុងតំបន់ដែលត្រូវបានចាត់ថ្នាក់ថាជាតំបន់ A និងតំបន់ B ផងដែរ ដោយបានលើកឡើងពីការរំលោភបំពានដែលទាក់ទងនឹងការសាងសង់ដែលគ្មានអាជ្ញាប័ណ្ណ បញ្ហាទឹក និងការខូចខាតដល់ទីតាំងបុរាណវិទ្យា និងបរិស្ថាន។
ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានពិនិត្យមើលឡើងវិញនូវផែនការសម្រាប់ការសាងសង់អង្គភាពតាំងទីលំនៅប្រហែល៥០.០០០ នៅក្នុងតំបន់វេសប៊ែង បន្ថែមពីលើការរឹបអូសដីចំនួន ១៤.៨២៦ហិចតា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមជាមួយក្រុមហាម៉ាសកាលពីក្នុងខែតុលា ឆ្នាំ២០២៣ មក។
តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែលជាការខុសច្បាប់នៅក្នុងមតិយោបល់ដ៏សំខាន់មួយកាលពីក្នុងខែកក្កដា ឆ្នាំ២០២៤ ហើយបានអំពាវនាវឱ្យមានការជម្លៀសចេញនូវកន្លែងតាំងទីលំនៅទាំងអស់នៅក្នុងតំបន់វេសប៊ែង និងយេរុយសាឡឹមខាងកើត៕





