អ្នកស្លាប់ដោយសារការលិចកប៉ាល់នៅហ្វីលីពីនកើនឡើងដល់ ៥២នាក់
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារការលិចកប៉ាល់ដឹកអ្នកដំណើររាប់រយនាក់កាលពីសប្តាហ៍មុននៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៥២នាក់ហើយគិតត្រឹមថ្ងៃពុធម្សិលមិញនេះបន្ទាប់ពីសាកសពម្នាក់ទៀតត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការស្វែងរកដែលកំពុងដំណើរការ។ នេះបើយោងតាមឆ្មាំសមុទ្រហ្វីលីពីន(PCG)។
PCG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកថា «គិតត្រឹមព្រឹកនេះ PCG បានកត់ត្រាអ្នកស្លាប់ចំនួន ៥២នាក់ និងអ្នកនៅរស់រានមានជីវិតចំនួន៣១៦នាក់ទាក់ទងនឹងការលិចកប៉ាល់ MV Trisha Kerstin 3»។
PCG បាននិយាយថា អ្នកមុជទឹកបច្ចេកទេសបានបន្តប្រតិបត្តិការនៅកន្លែងលិចកប៉ាល់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនអ្នកដំណើរដែលនៅបាត់ខ្លួននោះទេ។
កប៉ាល់ M/V Trisha Kerstin 3 បានធ្វើដំណើរទៅកាន់កោះចូឡូនៅក្នុងខេត្តស៊ូលូ នៅពេលដែលវាត្រូវបានលិចនៅក្នុងដែនទឹកនៃកោះបាលុក-បាលុក ក្នុងខេត្តបាស៊ីលែន។ កប៉ាល់បានចេញសញ្ញាអាសន្ននៅវេលាម៉ោងប្រហែល ១:៥០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៥ ខែមករា នៅបួនម៉ោងបន្ទាប់ពីវាបានចាកចេញពីកំពង់ផែហ្សាំបូនហ្គានៅចុងនិរតីនៃកោះមីនដាណាវ។
ប្រទេសហ្វីលីពីន ដែលមានកោះប្រមាណ៧.០០០ មានប្រវត្តិយូរអង្វែងនៃគ្រោះថ្នាក់សាឡាងដ៏សាហាវ ដោយសារតែនាវាដែលមានការគ្រប់គ្រងមិនល្អ និងជារឿយៗមានមនុស្សជិះច្រើនពេក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





