សភាអឺរ៉ុបអនុម័តប្រាក់កម្ចី ១០៧ប៊ីលានដុល្លារអាម៉េរិកសម្រាប់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធម្សិលមិញនេះសភាអឺរ៉ុបបានអនុម័តប្រាក់កម្ចីចំនួន ៩០ប៊ីលានអឺរ៉ូ (១០៧ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន ដោយបានអនុម័តយ៉ាងឆាប់រហ័សនូវកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់មួយនេះ ដែលមានគោលបំណងរក្សាសមត្ថភាពសេវាសាធារណៈ និងការការពារជាតិរបស់ទីក្រុងគៀវ។
លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen)ប្រធានគណៈកម្មការអឺរ៉ុប បានស្វាគមន៍ចំពោះការអនុម័តយ៉ាងឆាប់រហ័សរបស់សភាទៅលើសំណើនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់សហភាពអឺរ៉ុបចំពោះប្រទេសអ៊ុយក្រែន។
លោកស្រីបានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា «ភាពក្លាហានរបស់អ៊ុយក្រែន គឺមិនអាចរង្គោះរង្គើបានទេ។ ហើយការប្តេជ្ញាចិត្តរបស់អឺរ៉ុបក្នុងការឈរនៅខាងអ៊ុយក្រែនក៏ដូចគ្នាដែរ។ ថ្ងៃនេះ និងថ្ងៃស្អែក! ដោយសារតែអ៊ុយក្រែនដ៏រឹងមាំធ្វើឱ្យអឺរ៉ុបទាំងអស់មានសុវត្ថិភាព»។
ក្រោមក្របខ័ណ្ឌដែលបានស្នើឡើង មូលនិធិរបស់សហភាពអឺរ៉ុបនឹងត្រូវបានផ្តល់ជូនអ៊ុយក្រែនតាមរយៈបណ្តាញសំខាន់ពីរ។
ក្នុងចំណោមចំនួនទឹកប្រាក់សរុប ៣០ប៊ីលានអឺរ៉ូ (៣៥,៨ប៊ីលានដុល្លារអាម៉េរិក) នឹងត្រូវបានផ្តល់ជាការគាំទ្រដល់ម៉ាក្រូសេដ្ឋកិច្ច ទាំងតាមរយៈជំនួយម៉ាក្រូហិរញ្ញវត្ថុ ឬតាមរយៈមូលនិធិអ៊ុយក្រែន ដែលឧទ្ទិសដល់សហភាពអឺរ៉ុបដែលត្រូវបានរចនាឡើងដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុដែលមានស្ថេរភាព និងអាចព្យាករណ៍បានដល់ទីក្រុងគៀវ។
ថវិកាចំនួន ៦០ប៊ីលានអឺរ៉ូ (៧១,៥ប៊ីលានដុល្លារអាម៉េរិក) ដែលនៅសេសសល់នឹងត្រូវប្រើប្រាស់ដើម្បីជំរុញសមត្ថភាពឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងគាំទ្រដល់ការផ្គត់ផ្គង់ឧបករណ៍យោធា ដោយផ្តល់ឱ្យអ៊ុយក្រែននូវលទ្ធភាពទទួលបានផលិតផលការពារជាតិទាន់ពេលវេលាពីឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងសហភាពអឺរ៉ុប។
លោកស្រី រ៉ូបឺតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុបបាននិយាយថា ការបោះឆ្នោតនេះ បានផ្តល់នូវខ្សែជីវិតដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន ដោយលោកស្រីបានសង្កត់ធ្ងន់ថា ការផ្តល់មូលនិធិនេះនឹងធានាបាននូវនិរន្តរភាពនៃសេវាសាធារណៈសំខាន់ៗ ខណៈដែលវានឹងជួយពង្រឹងការការពារជាតិផងដែរ។
កញ្ចប់ថវិកានេះនៅតែត្រូវបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលគណៈកម្មការអាចចែកចាយថវិកាជាលើកដំបូងដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមត្រីមាសទីពីរនៃឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





