សិង្ហបុរីបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) របស់ប្រទេសសិង្ហបុរី បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់សិង្ហបុរីសម្រាប់ឆ្នាំ ២០២៦ ដល់ពី ២-៤% បន្ទាប់ពីការអនុវត្តសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥ដោយការព្យាករណ៍ដែលបានកែសម្រួលនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីការព្យាករណ៍ពីមុនដែលមានពី ១-៣%។
ការកែតម្រូវនេះបានកើតឡើងបន្ទាប់ពីផលិតផលក្នុងស្រុកសរុប(GDP) របស់សិង្ហបុរីបានកើនឡើង ៦,៩% ធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥។ ការប៉ាន់ស្មានកំណើនពេញមួយឆ្នាំសម្រាប់ឆ្នាំ២០២៥ ក៏ត្រូវបានបង្កើនផងដែរដល់ ៥% ពីការព្យាករណ៍មុនដែលមានត្រឹម ៤,៨% ខណៈដែលតួលេខឆ្នាំ២០២៤ ត្រូវបានកែសម្រួលឡើងដល់ ៥,៣% ពីចំនួន៤,៤%។ លើកចុងក្រោយដែលសេដ្ឋកិច្ចសិង្ហបុរីបានកត់ត្រាកំណើនខ្ពស់ជាងនេះ គឺនៅក្នុងឆ្នាំ២០២១ នៅពេលដែលវាបានងើបឡើងវិញយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងកំណើន ៩,៨%។
កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៥ ត្រូវបានជំរុញជាចម្បងដោយវិស័យផលិតកម្ម ពាណិជ្ជកម្មលក់ដុំ និងហិរញ្ញវត្ថុ និងធានារ៉ាប់រង។ តម្រូវការជាសកលដ៏ខ្លាំងក្លាសម្រាប់គ្រឿងអេឡិចត្រូនិកដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) បានគាំទ្រដល់ការពង្រីកយ៉ាងរឹងមាំក្នុងឧស្សាហកម្មអេឡិចត្រូនិក រួមទាំងការផលិត ក៏ដូចជាគ្រឿងចក្រ ឧបករណ៍ និងសម្ភារៈសម្រាប់ពាណិជ្ជកម្មលក់ដុំ។
អ្នកវិភាគភាគច្រើនបានជឿថា សន្ទុះកំណើនពីរលកនៃការវិនិយោគលើ AI នឹងនៅតែបន្ត។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក បានប្រកាសកាលពីពេលថ្មីៗនេះអំពីផែនការវិនិយោគទឹកប្រាក់ជាង ៦៦០ប៊ីលានដុល្លារអាម៉េរិកទៅលើហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងឆ្នាំ២០២៦ ដោយធានាបាននូវតម្រូវការប្រកបដោយចីរភាពសម្រាប់ផ្នែករឹងអេឡិចត្រូនិច ដូចជាឧបករណ៍អេឡិចត្រូនិក ដែលជាផលិតផលនាំចេញដ៏សំខាន់មួយរបស់ប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនេះដែរ វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង បានកត់ត្រានូវកំណើនយ៉ាងទូលំទូលាយនៅទូទាំងផ្នែកនានា ដែលគាំទ្រដោយលក្ខខណ្ឌហិរញ្ញវត្ថុអំណោយផលជាទូទៅ និងបរិយាកាសអត្រាការប្រាក់ទាប។
ក្រសួង MTI បានកត់សម្គាល់ថា ការព្យាករណ៍ពីមុនរបស់ខ្លួនដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ បានសន្មតថាមានកំណើនយឺតនៅក្នុងសេដ្ឋកិច្ចធំៗ ដោយសារតែផលប៉ះពាល់នៃវិធានការពន្ធរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តសេដ្ឋកិច្ចពិភពលោកបានលើសពីការរំពឹងទុក ដោយសេដ្ឋកិច្ចធំៗភាគច្រើនបានបង្ហាញពីកំណើនខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៥។
សកម្មភាពពាណិជ្ជកម្មសកលលោកនៅតែរឹងមាំ បើទោះបីជាមានពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ ដែលឆ្លុះបញ្ចាំងពីអត្រាពន្ធគយមានប្រសិទ្ធភាពទាបជាងការប្រកាសដំបូង ការកែតម្រូវខ្សែសង្វាក់ផ្គត់ផ្គង់និងការកើនឡើងនៃការនាំចេញទាក់ទងនឹង AI ដែលបានជួយរក្សាលំហូរពាណិជ្ជកម្ម។
ក្រសួងនោះបានរំពឹងថា សន្ទុះកំណើនដ៏រឹងមាំដែលបានឃើញនៅចុងឆ្នាំមុននឹងបន្តរហូតដល់ឆ្នាំ២០២៦។ ការវិនិយោគបន្តទៅលើ AI គោលនយោបាយសារពើពន្ធពង្រីកនៅក្នុងសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន និងលក្ខខណ្ឌហិរញ្ញវត្ថុសកលលោក ក៏ត្រូវបានគេរំពឹងថានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចសកលលោកនៅក្នុងត្រីមាសខាងមុខផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





