សិង្ហបុរីរាយការណ៍ពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃការប្រើប្រាស់គ្រឿងញៀនក្នុងចំណោយុវវ័យ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍ស្ថិតិប្រចាំឆ្នាំរបស់ការិយាល័យប្រឆាំងគ្រឿងញៀនកណ្តាល (CNB) របស់ប្រទេសសិង្ហបុរី ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវវ័យនៅក្នុងប្រទេសសិង្ហបុរីកំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ។
លោក សេបាស្ទៀន តាន់ (Sebastian Tan) នាយកការិយាល័យCNB បាននិយាយថា ការប្រើប្រាស់គ្រឿងញៀនរបស់យុវវ័យនៅតែជាកង្វល់ចម្បង ដោយលោកបានកត់សម្គាល់ថា អ្នកប្រើប្រាស់គ្រឿងញៀនវ័យក្មេងបំផុតដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២៥ មានអាយុត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ។
ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនថ្មីចំនួន ១.១៦៥នាក់ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ប្រហែលពាក់កណ្តាលមានអាយុក្រោម ៣០ឆ្នាំដែលកើនឡើងប្រហែល ០៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនថ្មី ដែលមានអាយុក្រោម ២០ឆ្នាំបានកើនឡើងយ៉ាងខ្លាំង គឺ ២២%។ អ្នកប្រើប្រាស់កញ្ឆាទាំងអស់ដែលមានអាយុក្រោម២០ឆ្នាំ គឺជាអ្នកប្រើប្រាស់លើកដំបូង ខណៈដែលអ្នកប្រើប្រាស់កញ្ឆាថ្មីប្រមាណជិត ៦០% មានអាយុក្រោម ៣០ឆ្នាំ។
ក្នុងចំណោមបុគ្គល ១៧៧នាក់ដែលមានអាយុក្រោម ២០ឆ្នាំ ដែលត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀន មាន ១៣៩នាក់ ឬប្រហែល៧៩% ត្រូវបានគេរកឃើញថាកំពុងប្រើប្រាស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន។
មេតំហ្វេតាមីន ហេរ៉ូអ៊ីន និងកញ្ឆា នៅតែជាគ្រឿងញៀនបីប្រភេទដែលត្រូវបានប្រើប្រាស់ជាទូទៅបំផុតនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៥ដោយអ្នកប្រើប្រាស់គ្រឿងញៀនប្រហែល ៩៥% ត្រូវបានចាប់ខ្លួនដោយប្រើប្រាស់យ៉ាងហោចណាស់មួយក្នុងចំណោមគ្រឿងញៀនទាំងបីប្រភេទនេះ។ អ្នកប្រើប្រាស់គ្រឿងញៀនប្រហែលម្នាក់ក្នុងចំណោមប្រាំនាក់ត្រូវបានគេរកឃើញថាកំពុងប្រើប្រាស់គ្រឿងញៀនពីរប្រភេទ ឬច្រើនជាងនេះ។
ចំនួនសរុបនៃអ្នកប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានចាប់ខ្លួនបានកើនឡើងបន្តិចពី ៣.១៧៥នាក់ក្នុងឆ្នាំ២០២៤ ដល់ ៣.២០៨នាក់ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនថ្មីបានកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ១៧% ពី ៩៩៦នាក់ដល់ ១.១៦៥នាក់។នេះបើយោងតាមការឱ្យដឹងពីការិយាល័យ CNB៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





