សារព័ត៌មានចិនលើកឡើងពីការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចវៀតណាមបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដោយសម្រេចបានអត្រាកំណើនផលិតផលក្នុងស្រុកសរុប ៨,០២% បើទោះបីជាបរិយាកាសពិភពលោកមានសភាពយឺតយ៉ាវក៏ដោយ។ កំណើននេះភាគច្រើនត្រូវបានជំរុញដោយវិស័យនាំចេញដ៏រឹងមាំ ដែលបានឃើញចំណូលពាណិជ្ជកម្មសរុបលើសពី ៩៣០ប៊ីលានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង២០ របស់ពិភពលោក។ឧស្សាហកម្មផលិតកម្មសំខាន់ៗ ជាពិសេសគ្រឿងអេឡិចត្រូនិច និងវាយនភណ្ឌ ទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដូចជានីតិវិធីពន្ធសាមញ្ញ និងគោលនយោបាយពាណិជ្ជកម្មអនុគ្រោះជាដើម។
ការវិនិយោគបរទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងើបឡើងវិញនេះ ដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានកំណត់ត្រា២៧,៦២ប៊ីលានដុល្លារអាម៉េរិក។ តាមរយៈការធ្វើឱ្យនីតិវិធីរដ្ឋបាលមានភាពសាមញ្ញ និងអនុម័តវិធីសាស្រ្ត «អាជ្ញាប័ណ្ណនៅពេលក្រោយ» សម្រាប់សហគ្រាសថ្មី ហើយរដ្ឋាភិបាលបានទាក់ទាញដើមទុនយ៉ាងច្រើនពីវិនិយោគិនសំខាន់ៗនៅក្នុងប្រទេសសិង្ហបុរី ចិន និងស៊ុយអែតប្រកបដោយជោគជ័យ។ វិស័យផលិតកម្ម និងកែច្នៃនៅតែជាចំណុចផ្តោតសំខាន់ ដែលមានចំនួនភាគច្រើននៃការវិនិយោគបរទេសទាំងនេះ។
វិស័យសេវាកម្មក៏បានឃើញការងើបឡើងវិញយ៉ាងខ្លាំងផងដែរ ដោយកើនឡើង ៨,៦២% និងរួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប។ ការកើនឡើងនេះត្រូវបានជំរុញដោយភ្ញៀវទេសចរអន្តរជាតិចំនួន២១,២លាននាក់ដែលបានបំបែកកំណត់ត្រា និងការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក។ ខណៈដែលបញ្ហាប្រឈមនានា ដូចជាការកកស្ទះហេដ្ឋារចនាសម្ព័ន្ធ និងភាពមិនប្រាកដប្រជានៃទីផ្សារដែលនៅតែមាននោះប្រទេសវៀតណាមកំពុងធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួនយ៉ាងសកម្មនិងវិនិយោគលើស្វ័យប្រវត្តិកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងទូទាំងពិភពលោករបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





