ឥណ្ឌូណេស៊ីមានគម្រោងស្តារឧស្សាហកម្មវាយនភណ្ឌឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគម្រោងស្តារឡើងវិញនូវឧស្សាហកម្មវាយនភណ្ឌជាតិដោយពង្រឹងការអភិវឌ្ឍវិស័យមធ្យម ជាពិសេសការផលិតអំបោះ ការផលិតក្រណាត់ ការបោះពុម្ព ការជ្រលក់ពណ៌ និងការបញ្ចប់។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto)។
លោកបាននិយាយថា ឧស្សាហកម្មវាយនភណ្ឌត្រូវបានបំបែកកាលពីអតីតកាល ដែលកំណត់ការប្រកួតប្រជែងរួមរបស់វិស័យនេះ។
ដោយកំណត់វាយនភណ្ឌជាវិស័យសំខាន់មួយក្នុងការឆ្លើយតបទៅនឹងហានិភ័យ ដែលអាចកើតមានពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកឥណ្ឌូណេស៊ីមានគម្រោងបង្កើតសហគ្រាសរដ្ឋ (SOE) ថ្មីមួយសម្រាប់ឧស្សាហកម្មវាយនភណ្ឌ។
ដោយផ្អែកទៅលើការសិក្សាដែលបានបញ្ចប់ រដ្ឋាភិបាលក៏កំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ផងដែរ ដើម្បីកែលម្អការប្រកួតប្រជែងរួមរបស់ខ្លួន។
ផែនទីបង្ហាញផ្លូវនេះមានគោលបំណងបង្កើនតម្លៃនាំចេញពី ៤ប៊ីលានដុល្លារអាម៉េរិក ដល់ ៤០ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ឆ្នាំខាងមុខដោយទាញយកអត្ថប្រយោជន៍ពីតម្រូវការសកលលោកដែលកំពុងកើនឡើង និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃរបស់ឧស្សាហកម្ម។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូណេស៊ីនឹងលើកកម្ពស់កម្មវិធីនេះដោយផ្តោតសំខាន់ទៅលើផ្នែកម៉ូដសម្លៀកបំពាក់លំដាប់ខ្ពស់ដែលភ្ជាប់ទៅនឹងនិន្នាការនៃរបៀបរស់នៅ និងសក្តានុពលកំណើនដ៏រឹងមាំ។លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកទីផ្សារនាំចេញជាពិសេសនៅក្នុងបរិបទនៃការលុបបំបាត់ពន្ធគយរបស់អឺរ៉ុបនៅត្រឹមឆ្នាំ២០២៧ ផងដែរ។
បច្ចុប្បន្ន ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងសម្ពាធរចនាសម្ព័ន្ធដ៏សំខាន់ ដោយធុរកិច្ចជាច្រើន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម បានបញ្ឈប់កម្មករមួយចំនួនធំ និងបានបិទទ្វារ។ វិស័យនេះក៏ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីប្រទេសវៀតណាម បង់ក្លាដែស និងកម្ពុជាផងដែរ ខណៈដែលការកើនឡើងនៃថ្លៃដើមក្នុងស្រុក ដូចជាប្រាក់ឈ្នួលអប្បបរមា អគ្គិសនី និងភស្តុភារកម្ម បានបន្ថែមទៅលើបញ្ហាប្រឈម។ លើសពីនេះទៀត ការហូរចូលនៃសម្លៀកបំពាក់នាំចូលថោកៗ ជាពិសេសពីប្រទេសចិន បានជន់លិចទីផ្សារក្នុងស្រុក ដែលដាក់សម្ពាធបន្ថែមទៀតទៅលើផលិតកម្មក្នុងស្រុក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





