ម៉ាឡេស៊ីដាក់ចេញគោលនយោបាយចែករំលែកទិន្នន័យជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីបានដាក់ចេញនូវគោលនយោបាយជាតិមួយ ដើម្បីពន្លឿនស្វ័យប្រវត្តិកម្មឌីជីថល និងការរីកចម្រើនបច្ចេកវិទ្យា (DATA) នៅទូទាំងវិស័យសាធារណៈកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានពណ៌នាថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងរដ្ឋាភិបាលដែលជំរុញដោយទិន្នន័យ និងដាក់ប្រទេសម៉ាឡេស៊ីជាប្រទេសដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) នៅត្រឹមឆ្នាំ២០៣០។
រដ្ឋមន្ត្រីក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ី លោក ហ្គូប៊ីនដ៍ ស៊ីងហ៍ ដេអូ (Gobind Singh Deo) ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គោលនយោបាយនេះផ្តល់នូវឆ្អឹងខ្នងសម្រាប់ការផ្លាស់ប្តូរឌីជីថលរយៈពេលវែង ដោយបានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍មិនអាចអភិវឌ្ឍន៍បានទេ បើគ្មានការគ្រប់គ្រងទិន្នន័យដ៏រឹងមាំ។
គោលនយោបាយនេះផ្តោតទៅលើចំណុចសំខាន់ៗចំនួនបួន ដែលរួមមាន ការអនុវត្តការគ្រប់គ្រងឌីជីថលពេញលេញ ការអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យតាមរបៀបដែលគ្រប់គ្រងបាន និងមានសុវត្ថិភាព ការពង្រឹងការគ្រប់គ្រងវិស័យសាធារណៈ និងការថែរក្សាវប្បធម៌ឌីជីថលដ៏រលូន។
លោកបានបន្ថែមថា គោលនយោបាយនេះក៏ដោះស្រាយធាតុផ្សំសំខាន់ៗនៃរចនាសម្ព័ន្ធដូចជាការគ្រប់គ្រងឌីជីថលទិន្នន័យ សន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និងអក្ខរកម្មទិន្នន័យឌីជីថលនៅក្នុងវិស័យសាធារណៈផងដែរ។
គោលដៅរួមរបស់ខ្លួន គឺបង្កើតក្របខ័ណ្ឌកណ្តាលសម្រាប់ការប្រមូលនិងចែករំលែកទិន្នន័យ ដោយសម្រួលដល់ការផ្តល់សេវាសាធារណៈសន្សំសំចៃពេលវេលា បង្កើនតម្លាភាព និងការទទួលខុសត្រូវ និងរួមចំណែកដល់ការការពារបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ក្រដាស។
ក្នុងរយៈពេលខាងមុខ ក្រសួងឌីជីថលរបស់ប្រទេសម៉ាឡេស៊ីនឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថលនៅទូទាំងប្រទេស រួមទាំងការដោះស្រាយបញ្ហាយូរអង្វែងមួយចំនួន ដូចជាកំណត់ត្រាដែលមិនមែនជាឌីជីថល និងប្រព័ន្ធទិន្នន័យដែលបែកខ្ញែកនៅទូទាំងភ្នាក់ងាររដ្ឋាភិបាលជាដើម។ បច្ចុប្បន្ននេះ ទិន្នន័យវិស័យសាធារណៈភាគច្រើន រួមទាំងកំណត់ត្រាដែលសរសេរដោយដៃ ក៏ដូចជាសម្ភារៈអូឌីយ៉ូ និងរូបភាព នៅតែមិនទាន់ត្រូវបានធ្វើឌីជីថលកម្ម។
ការចេញគោលនយោបាយនេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ីក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដែលជំរុញដោយទិន្នន័យ បង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងគុណភាពសេវាសាធារណៈ និងពង្រឹងសមត្ថភាពនវានុវត្តន៍ ខណៈដែលដាក់គ្រឹះដ៏សំខាន់សម្រាប់មហិច្ឆតារបស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាមជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិតនៅក្នុងតំបន់នៅត្រឹមឆ្នាំ២០៣០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





