សេដ្ឋកិច្ចម៉ាឡេស៊ីរំពឹងថានឹងមានលទ្ធផលល្អជាងការព្យាករណ៍
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេព្យាករថានឹងពង្រីកខ្លួនខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីបួននៃឆ្នាំ2025 ដោយកើនឡើង ៥,៧%។ នេះបើយោងតាមការប៉ាន់ស្មានដែលចេញផ្សាយដោយនាយកដ្ឋានស្ថិតិម៉ាឡេស៊ី។
លោកវេជ្ជបណ្ឌិត អ៊ីរវ៉ាន់ ស្សាហ៍ ហ្សៃណាល់ អាប៊ីឌីន (Irwan Shah Zainal Abidin) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ECOFI) នៃសាកលវិទ្យាល័យអ៊ូតារ៉ាម៉ាឡេស៊ី បាននិយាយថា ទិន្នន័យវិជ្ជមានឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងការអនុវត្តសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់ប្រទេស ដែលទទួលបានសន្ទុះចាប់តាំងពីក្របខ័ណ្ឌសេដ្ឋកិច្ចម៉ាដានី (Madani) ត្រូវបានដាក់ចេញកាលពីក្នុងឆ្នាំ២០២៣។
នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ផែនការមេឧស្សាហកម្មថ្មីឆ្នាំ២០៣០(NIMP 2030) បានទាក់ទាញការវិនិយោគចំនួន ២៩,២ប៊ីលានរីងហ្គីត(៧,៤៤ប៊ីលានដុល្លារអាម៉េរិក) ដោយគាំទ្រគម្រោងដែលមានតម្លៃខ្ពស់ចំនួន១៧៨គម្រោង និងបង្កើតការងារចំនួន ១៧.០៥៦កន្លែង។ ផែនការនេះផ្តោតសំខាន់ទៅលើការទាក់ទាញការវិនិយោគ ដែលមានគុណភាពដើម្បីបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់។
ការវិនិយោគដែលត្រូវបានអនុម័តរបស់ប្រទេសម៉ាឡេស៊ី បានឈានដល់តម្លៃ ២៨៥,២ប៊ីលានរីងហ្គីត (៧២,៦៥ប៊ីលានដុល្លារអាម៉េរិក) ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ ដែលជាកម្រិតខ្ពស់បំផុតមួយដែលត្រូវបានកត់ត្រា។ ពាណិជ្ជកម្មសរុបរបស់ប្រទេសម៉ាឡេស៊ីក៏បានឈានដល់កំណត់ត្រាថ្មីផងដែរ ដែលមានចំនួន ៣ទ្រីលានរីងហ្គីត (៧៦៤ប៊ីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៥។ ដោយមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំកំណើនផលិតផលក្នុងស្រុកសរុបពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងលើសពីការព្យាករពីមុន ដោយឈានដល់ប្រហែល ៤,៩%។
អត្រាគ្មានការងារធ្វើមានចំនួន ២,៩% នៅក្នុងខែវិច្ឆិកា ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ។ រដ្ឋាភិបាលក៏បានរក្សាវិន័យសារពើពន្ធផងដែរ ដោយកំណត់គោលដៅឱនភាពថវិកាឱ្យនៅក្រោម៣% និងរក្សាសមាមាត្របំណុលរដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុបឱ្យនៅក្រោម ៦០% នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣០។
អតិផរណាដែលមានស្ថេរភាពត្រូវបានគេរំពឹងថានឹងគាំទ្រដល់សកម្មភាពអាជីវកម្ម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ក្នុងរយៈពេលខាងមុខ។បរិយាកាសអតិផរណាទាបក៏នឹងផ្តល់ឱ្យធនាគារកណ្តាលម៉ាឡេស៊ីនូវភាពបត់បែនកាន់តែច្រើនក្នុងការកែសម្រួលគោលនយោបាយរូបិយវត្ថុជាពិសេសនៅពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកកំពុងចូលទៅក្នុងវដ្តកាត់បន្ថយអត្រាការប្រាក់ ហើយត្រូវបានគេរំពឹងថានឹងអនុម័តជំហរសម្របសម្រួលបន្ថែមទៀតនៅក្នុងខែខាងមុខ។
ភាពប្រសើរឡើងនៃចំណាត់ថ្នាក់ប្រកួតប្រជែង ស្ថិរភាពនយោបាយនិងទិសដៅសេដ្ឋកិច្ចច្បាស់លាស់ បានជួយឱ្យប្រាក់រីងហ្គីតក្លាយជារូបិយប័ណ្ណដែលមានដំណើរការល្អបំផុតរបស់អាស៊ីនៅក្នុងឆ្នាំ២០២៥ ដោយកើនឡើង ៩,៧% ធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
រដ្ឋាភិបាលម៉ាឡេស៊ីក៏កំពុងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីរក្សាកំណើនផងដែរ រួមទាំងកម្មវិធីធ្វើឱ្យសកម្ម និងកែទម្រង់សហគ្រាសដែលភ្ជាប់ជាមួយរដ្ឋាភិបាល (GEAR-uP) ដែលត្រូវបានគេរំពឹងថានឹងកៀរគរការវិនិយោគក្នុងស្រុកចំនួន ១២០ប៊ីលានរីងហ្គីត (៣០,៥ប៊ីលានដុល្លារអាម៉េរិក) នៅត្រឹមឆ្នាំ២០២៨។
គំនិតផ្តួចផ្តើមសំខាន់មួយទៀតក្រោមថវិកាឆ្នាំ២០២៦ គឺឆ្នាំទស្សនាប្រទេសម៉ាឡេស៊ីឆ្នាំ ២០២៦ ដែលមានគោលបំណងទាក់ទាញភ្ញៀវទេសចរឱ្យបានចំនួន ៤៧លាននាក់ និងបង្កើតប្រាក់ចំណូលទេសចរណ៍ឱ្យបានចំនួន៣២៩ប៊ីលានរីងហ្គីត (៨៣,៨ប៊ីលានដុល្លារអាម៉េរិក) ដោយវិស័យអ្នកប្រើប្រាស់ និងសេវាកម្មត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





