ប្រធានាធិបតីកាហ្សាក់ស្ថាន៖ កាហ្សាក់ស្ថាននឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវដែក
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kazinform បានឱ្យដឹងថា ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីថ្ងៃអង្គារថា ប្រទេសកាហ្សាក់ស្ថាននឹងពន្លឿនការពង្រីក និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ខ្លួន ដើម្បីគាំទ្រដល់លំហូរដឹកជញ្ជូនដែលកំពុងកើនឡើង។
លោក តូកាយ៉េវ បាននិយាយថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងមានចំនួនប្រហែល ៦០% នៃចំណូលទំនិញសរុបរបស់ប្រទេស ដោយបានបង្ហាញពីតួនាទីស្នូលរបស់វិស័យនេះក្នុងការដឹកជញ្ជូន។ លោកបានកត់សម្គាល់ថាផ្នែកខ្លះនៃបណ្តាញផ្លូវដែកនៅតែប្រឈមមុខនឹងហានិភ័យ ដែលធ្វើឱ្យទំនើបកម្មទ្រង់ទ្រាយធំក្លាយជាអាទិភាព។
លោកប្រធានាធិបតីបានណែនាំរដ្ឋាភិបាលឱ្យពន្លឿនការសាងសង់ផ្លូវដែកឆ្លងកាត់តំបន់ថ្មី ការធ្វើឱ្យប្រសើរឡើងពេញលេញនៃផ្នែកដឹកជញ្ជូនអន្តរជាតិសំខាន់ៗ និងធានាការដាក់ឱ្យដំណើរការខ្សែរត់ថ្មីដែលភ្ជាប់តំបន់ព្រំដែនជាមួយបណ្តាញផ្លូវដែកជាតិទាន់ពេលវេលា ដើម្បីពង្រឹងការតភ្ជាប់ដឹកជញ្ជូនទំនិញជាមួយប្រទេសជិតខាង។
នាយករដ្ឋមន្ត្រី លោក អូលហ្សាស់ ប៊ែកទែននូវ (Olzhas Bektenov)បាននិយាយថា ប្រទេសកាហ្សាក់ស្ថានមានគម្រោងបញ្ចប់ផ្លូវដែកថ្មីចំនួន២ខ្សែដែលមានប្រវែងសរុប ៤៧៥ គីឡូម៉ែត្រ និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ចំនួន ២.៩០០គីឡូម៉ែត្រនៅឆ្នាំ២០២៦។ វិធានការទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើនបរិមាណដឹកជញ្ជូនប្រហែល ៦០% និងបង្កើនល្បឿនជាមធ្យមនៃរថភ្លើងផ្ទុកទូកុងតឺន័រដឹកជញ្ជូនដល់ ៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





