តួកគីចាប់ខ្លួនជនសង្ស័យ ៣០៥នាក់ក្នុងការបង្ក្រាបបណ្តាញគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- កងកម្លាំងសន្តិសុខតួកគីបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៣០៥នាក់កាលពីថ្ងៃអង្គារក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ដោយកំណត់គោលដៅលើបណ្តាញគ្រឿងញៀនដែលដំណើរការតាមរយៈកម្មវិធីផ្ញើសារ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បានប្រកាសថា ការឆ្មក់ចូលទាំងនេះត្រូវបានអនុវត្តក្រោមការសម្របសម្រួលរបស់ការិយាល័យព្រះរាជអាជ្ញាសាធារណៈទីក្រុងអ៊ីស្តង់ប៊ុល ដែលដឹកនាំដោយអង្គភាពឧក្រិដ្ឋកម្មគ្រឿងញៀននៃនាយកដ្ឋានប៉ូលីសទីក្រុងអ៊ីស្តង់ប៊ុល ដោយមានការគាំទ្រពីក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបាននិយាយថា ការស៊ើបអង្កេតរយៈពេលប្រាំខែបានរកឃើញបណ្តាញជួញដូរដ៏ស្មុគស្មាញ។ អ្នកជួញដូរបានបង្កើតក្រុម និងពឹងផ្អែកលើអ្នកនាំសារដែលទុកចិត្តដើម្បីចែកចាយគ្រឿងញៀនតាមរយៈបណ្តាញដែលបានរៀបចំ។
អង្គភាពឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតបានចូលទៅប្រើប្រាស់ការទំនាក់ទំនងនៅក្នុងក្រុមសមាជិកទាំងនេះ ដែលអនុញ្ញាតឱ្យប៉ូលីសកំណត់អត្តសញ្ញាណជនសង្ស័យដែលដើរតួជា «អ្នកគ្រប់គ្រង» និង«អ្នកសម្របសម្រួល» ក្នុងការជួញដូរគ្រឿងញៀនឌីជីថល។
លោក យឺលីកាយ៉ា បាននិយាយថា «ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមិនត្រឹមតែជាបញ្ហាសន្តិសុខផ្ទៃក្នុងប៉ុណ្ណោះទេ»។ «នេះគឺជាការតស៊ូសន្តិសុខសកល។ យើងបានប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀនទាំងស្រុងមិនត្រឹមតែសម្រាប់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិផងដែរ»។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសតួកគីនឹងបន្តយុទ្ធនាការទូទាំងប្រទេសរបស់ខ្លួនប្រឆាំងនឹងបណ្តាញជួញដូរគ្រឿងញៀន ទាំងនៅតាមដងផ្លូវ និងនៅទូទាំងវេទិកាឌីជីថល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





