ប្រធានាធិបតីនីហ្សេរីយ៉ាសន្យាបញ្ចប់អំពើភេរវកម្ម និងធានាកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីនីហ្សេរីយ៉ាលោក បូឡា ទីនូប៊ូ (Bola Tinubu) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថាប្រទេសនៅអាហ្វ្រិកខាងលិចនេះនឹងកម្ចាត់អំពើភេរវកម្ម និងចោរកម្ម ដោយលោកបានពណ៌នាអំពីការគំរាមកំហែងទាំងនេះថា «មិនអាចទទួលយកបាន»និងខុសពីតម្លៃស្នូល។
លោក ទីនូប៊ូ បានមានប្រសាសន៍ក្នុងពេលបើកសន្និសីទក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (NEC) លើកទីពីរកម្រិតខ្ពស់របស់ប្រទេសនៅរដ្ឋធានីអាប៊ូចាថា អសន្តិសុខនៅតែជាឧបសគ្គចម្បងមួយចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលតម្រូវឱ្យមានសកម្មភាពរួមគ្នាជាបន្ទាន់។
យោងតាមលោកបានឱ្យដឹងថា ភាពអសន្តិសុខបានធ្វើឱ្យប្រជាពលរដ្ឋទាំងអស់គេងមិនលក់។ លោកបានធានាដល់ប្រជាពលរដ្ឋថា អ្វីៗទាំងអស់នឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយលើកឡើងពីការសន្យាពីមុនរបស់លោក។ «យើងនឹងយកឈ្នះអំពើភេរវកម្ម និងចោរកម្មដែលមិនអាចទទួលយកបាន។ នេះមិនមែនជាផ្នែកនៃវប្បធម៌របស់យើងទេ។ នេះជារឿងចម្លែកសម្រាប់យើង»។
លោក ទីនូប៊ូ បានប្រគល់ភារកិច្ចឱ្យក្រុមប្រឹក្សា NEC ដែលមានអនុប្រធានាធិបតី និងអភិបាលរដ្ឋទាំងអស់នៃរដ្ឋចំនួន ៣៦ របស់ប្រទេស និងដែនដីរដ្ឋធានីសហព័ន្ធ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពរួមបញ្ចូលគ្នាដោយលោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងផែនការអភិវឌ្ឍន៍ជាតិនៃក្តីសង្ឃឹមឡើងវិញឆ្នាំ២០២៦-២០៣០។
សន្និសីទរយៈពេលពីរថ្ងៃនេះ ក្រោមប្រធានបទ «ការផ្តល់នូវកំណើនរួម និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៖ ផែនការអភិវឌ្ឍន៍ជាតិនៃក្តីសង្ឃឹមឡើងវិញ ឆ្នាំ២០២៦-២០៣០» មានការចូលរួមពីអភិបាលរដ្ឋ រដ្ឋមន្ត្រីសមាជិករដ្ឋសភា ដៃគូអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំវិស័យឯកជន។
លោកបានមានប្រសាសន៍ថា «ភាពចម្រុះរបស់ប្រទេសនីហ្សេរីយ៉ាគឺជាចំណុចខ្លាំងរបស់យើង។ នៅពេលដែលរដ្ឋនីមួយៗរីកចម្រើន ប្រទេសនីហ្សេរីយ៉ាក៏រីកចម្រើនផងដែរ» ដោយលោកបានបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងវិស័យដឹកជញ្ជូន ថាមពល ការតភ្ជាប់ឌីជីថលលំនៅដ្ឋាន និងប្រព័ន្ធធារាសាស្រ្ត ត្រូវបានផ្តល់អាទិភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





