កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកលើកទី១០ នៅឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានបញ្ជាក់ពីករណីជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) លើកទី១០ របស់ខ្លួននៅឆ្នាំនេះ ដែលជំរុញឱ្យអាជ្ញាធរចេញបទបញ្ជាឱ្យផ្អាកសកម្មភាពដើម្បីការពារកុំឱ្យវីរុសរីករាលដាល។
យោងតាមទីស្នាក់ការកណ្តាលត្រួតពិនិត្យគ្រោះថ្នាក់ជ្រូកអាហ្វ្រិក(ASF) បានឱ្យដឹងថា ការផ្ទុះឡើងនេះត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វជ្រូកចំនួន ១.២៨០ក្បាលនៅតំបន់ណាជូ មានចម្ងាយ ៣២០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងខេត្តជេអូឡា ភាគខាងត្បូង។
ទីស្នាក់ការកណ្តាលបានកត់សម្គាល់ថា កសិដ្ឋាននេះមានទំនាក់ទំនងរោគរាតត្បាតទៅនឹងទីតាំងមួយទៀតនៅតំបន់យ៉ុងវ៉ាង ខេត្តជេអូឡា ភាគខាងត្បូង ជាកន្លែងដែលករណីជំងឺ ASF ត្រូវបានរាយការណ៍កាលពីខែមុន។
អាជ្ញាធរមានគម្រោងបញ្ជូនក្រុមចត្តាឡីស័ក និងអ្នកស៊ើបអង្កេតរោគរាតត្បាតទៅកាន់កសិដ្ឋានដើម្បីរឹតបន្តឹងការចូលដោយអ្នកខាងក្រៅ។ជ្រូកទាំងអស់នៅកសិដ្ឋាននឹងត្រូវសម្លាប់ចោលដើម្បីការពារការរីករាលដាលបន្ថែមទៀត។
មន្ត្រីក៏បានចេញបទបញ្ជាឱ្យផ្អាកសកម្មភាពបណ្តោះអាសន្នរយៈពេល២៤ម៉ោងសម្រាប់កសិដ្ឋានចិញ្ចឹមសត្វជ្រូក និងកន្លែងពាក់ព័ន្ធ រួមទាំងកន្លែងសម្លាប់សត្វផងដែរ។
នាយករដ្ឋមន្ត្រី លោក គីម មីនស៊ុក (Kim Min-seok) បានបញ្ជាឱ្យមានវិធានការទប់ស្កាត់បន្ទាន់ រួមទាំងការរឹតបន្តឹងការចូលទៅកាន់ទីតាំង និងប្រតិបត្តិការសម្លាប់ចោល បន្ទាប់ពីទទួលបានរបាយការណ៍អំពីករណីថ្មីនេះ។
លោក គីម ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការស៊ើបអង្កេតរោគរាតត្បាតយ៉ាងហ្មត់ចត់ ដើម្បីកំណត់មូលហេតុនៃការផ្ទុះឡើងនៃជំងឺនេះ។
ជំងឺ ASF មិនប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែអាចបណ្តាលឱ្យសត្វជ្រូកស្លាប់ ហើយបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជំងឺនេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





