ចក្រភពអង់គ្លេស និងចិនអាចពង្រឹងកំណើនធុរកិច្ចរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- បើទោះបីជាមានការផ្លាស់ប្តូរនយោបាយអន្តរជាតិរយៈពេលមួយទសវត្សរ៍ និងផលប៉ះពាល់នៃជំងឺរាតត្បាតក៏ដោយ ក៏ទំនាក់ទំនងធុរកិច្ចរវាងប្រទេសចិន និងចក្រភពអង់គ្លេសនៅតែមានភាពរឹងមាំ។ ទីក្រុងឡុងដ៍នៅតែបន្តដាក់ខ្លួនជាច្រកទ្វារយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនចិន ដោយផ្លាស់ប្តូរលើសពីការវិនិយោគបែបប្រពៃណីក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱបក្រសោបវិស័យដែលមានកំណើនខ្ពស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃកិច្ចសហការនៅទូទាំងវិស័យបច្ចេកវិទ្យាសេវាកម្មហិរញ្ញវត្ថុ ការថែទាំសុខភាព និងថាមពលបៃតង ដោយគម្រោងដឹកនាំដោយចិនបានរួមចំណែកជាង ៧,៥ប៊ីលានផោនដល់សេដ្ឋកិច្ចទីក្រុងឡុងដ៍ចាប់តាំងពីឆ្នាំ២០១៣ មក។
ភាពជាដៃគូនេះត្រូវបានកំណត់កាន់តែខ្លាំងឡើងដោយការផ្តោតទៅលើបញ្ហាប្រឈមជាសកល ជាពិសេសការប្រែប្រួលអាកាសធាតុនិងការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI)។ រឿងជោគជ័យដ៏លេចធ្លោមួយ គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដែលឥឡូវនេះគ្រប់គ្រងទីផ្សាររថយន្តក្រុងអគ្គិសនី ៧០% នៃទីក្រុងឡុងដ៍។ កិច្ចសហការនេះត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ចក្រភពអង់គ្លេស ដើម្បីសម្រេចគោលដៅកាបូនសុទ្ធសូន្យរបស់ខ្លួន ដោយបង្ហាញពីរបៀបដែលនវានុវត្តន៍របស់ចិនក្នុងវិស័យបច្ចេកវិទ្យាបៃតងអាចរួមបញ្ចូលជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អង់គ្លេសដើម្បីបង្កើតលទ្ធផលបរិស្ថានជាក់ស្តែង។
ទំនាក់ទំនងនេះបន្តធ្វើពិពិធកម្ម ខណៈដែលក្រុមហ៊ុនសំខាន់ៗ ដូចជាក្រុមហ៊ុន Tencent និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងៗបង្កើតឫសគល់រឹងមាំនៅក្នុងចក្រភពអង់គ្លេស។ សន្ទុះនេះត្រូវបានពង្រឹងបន្ថែមទៀតដោយដំណើរទស្សនកិច្ចថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក គ័រ ស្តាមើរ (Keir Starmer) ទៅកាន់ប្រទេសចិនកាលពីក្នុងខែមករាឆ្នាំ២០២៦ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ធុរកិច្ចសម្រាប់ភាគីទាំងពីរ។ តាមរយៈការថែរក្សាបណ្តាញទំនាក់ទំនងរវាងទីក្រុងឡុងដ៍ និងមជ្ឈមណ្ឌលដូចជាទីក្រុងសៀងហៃ និងទីក្រុងសិនជិន ប្រទេសទាំងពីរកំពុងធ្វើការដើម្បីធានាបាននូវបរិយាកាសស្ថិរភាពសម្រាប់ការរីកចម្រើនទៅវិញទៅមកនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





