ម៉ិកស៊ិកូបញ្ជូនជំនួយមនុស្សធម៌ជាង ៨០០តោនទៅកាន់ប្រទេសគុយបា
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងការបរទេសម៉ិកស៊ីកូបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសម៉ិកស៊ិកូបានបញ្ជូនជំនួយមនុស្សធម៌ជាង ៨០០តោនទៅកាន់ប្រទេសគុយបា ដោយបញ្ជាក់សារជាថ្មីនូវគោលនយោបាយសាមគ្គីភាពយូរអង្វែងរបស់ខ្លួនជាមួយប្រទេសក្នុងតំបន់អាម៉េរិកឡាទីនមួយនេះ។
នាវាជំនួយភស្តុភាររបស់កងទ័ពជើងទឹកម៉ិកស៊ិកូចំនួនពីរគ្រឿង គឺនាវាPapaloapan និងនាវា Isla Holbox បានចេញដំណើរពីកំពង់ផែវើរ៉ាគ្រូសដោយដឹកស្បៀងអាហារជាង ៨១៤តោនសម្រាប់ប្រជាជនគុយបា ដោយធ្វើតាមការណែនាំពីលោកប្រធានាធិបតី ក្លូឌៀ ស្សេនបាំ (Claudia Sheinbaum)។
នាវា Papaloapan កំពុងដឹកជញ្ជូនស្បៀងអាហារសំខាន់ៗចំនួន៥៣៦តោន ក៏ដូចជាផលិតផលអនាម័យ ខណៈដែលនាវា Isla Holbox កំពុងដឹកជញ្ជូនទឹកដោះគោម្សៅជាង ២៧៧តោន។
នាវាទាំងនេះត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសគុយបាក្នុងរយៈពេលបួនថ្ងៃ។
ក្រសួងការបរទេសបានបន្ថែមថា ទឹកដោះគោម្សៅ និងសណ្តែកជាង១.៥០០តោននៅតែត្រូវបានបញ្ជូនទៅ។
រដ្ឋាភិបាលបាននិយាយថា «តាមរយៈសកម្មភាពទាំងនេះ រដ្ឋាភិបាលម៉ិកស៊ិកូបញ្ជាក់សារជាថ្មីអំពីគោលការណ៍មនុស្សធម៌ និងស្មារតីសាមគ្គីភាពព្រមទាំងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមប្រជាជន ជាពិសេសជាមួយអ្នកដែលត្រូវការជំនួយមនុស្សធម៌ក្នុងស្ថានភាពអាសន្ន និងងាយរងគ្រោះ។ គុយបា និងម៉ិកស៊ិកូ គឺជាប្រទេសបងប្អូនគ្នា ជាអ្នកស្នងមរតកនៃប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃសាមគ្គីភាពដែលយើងគោរពដល់សព្វថ្ងៃ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





