នាយករដ្ឋមន្ត្រីជប៉ុន ៖ ការបោះឆ្នោតឈ្នះអាណត្តិនេះសម្រាប់ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- ជ័យជម្នះដែលមិនធ្លាប់មានពីមុនមកក្នុងការបោះឆ្នោតនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ គឺជាអាណត្តិដែលផ្តល់ឱ្យគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ។ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈិ(Sanae Takaichi) បាននិយាយកាលពីថ្ងៃចន្ទ។
ប្រទេសជប៉ុនបានធ្វើការបោះឆ្នោតភ្លាមៗនៅថ្ងៃអាទិត្យសប្តាហ៍មុនដោយផ្តល់ឱ្យគណបក្ស LDP របស់លោកស្រី តាកាអ៊ីឈិ នូវសំឡេងភាគច្រើនពីរភាគបីជាលើកដំបូងនៅក្នុងសភាជាន់ទាបនៃសភា ក្នុងសម័យក្រោយសង្គ្រាម ។
នាយករដ្ឋមន្ត្រីវ័យ ៦៤ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនរូបនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីក៏កំពុងស្វែងរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្យូដូញូវស៍។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច លោកស្រី តាកាអ៊ីឈិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុនត្រូវចាកចេញពីការរឹតត្បិតសារពើពន្ធហួសហេតុរបស់ខ្លួន។
លោកស្រីនាយករដ្ឋមន្ត្រីក៏បានស្វែងរកការគាំទ្រពីគណបក្សប្រឆាំងផងដែរ ដោយសារគណបក្ស LDP នៅតែជាមានសំឡេងភាគតិចនៅក្នុងសភាជាន់ខ្ពស់នៃសភា។
ខណៈដែលលោកស្រីបាននិយាយថា កិច្ចពិភាក្សាថវិកានឹងក្លាយជាអាទិភាពនៅក្នុងអាណត្តិថ្មីនេះ លោកស្រី តាកាអ៊ីឈិ បានសន្យាថានឹងបន្តកិច្ចពិភាក្សារបស់សភា ស្តីពីការបន្ធូរបន្ថយពន្ធលើការប្រើប្រាស់រយៈពេលពីរឆ្នាំលើទំនិញម្ហូបអាហារ។
ជាអ្នកនយោបាយអភិរក្សនិយម លោកស្រី តាកាអ៊ីឈិ បានស្វែងរកការកែសម្រួលឯកសារចំនួនបីរបស់ប្រទេសជប៉ុន ស្តីពីសន្តិសុខ និងការពារជាតិ។
ដោយគណបក្ស LDP ទទួលបានសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាជាន់ទាបនៃសភា ដែលមានអាសនៈចំនួន៣១៥ នោះ គណបក្សនេះនឹងទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣៥១រូប រួមជាមួយដៃគូចម្រុះរបស់ខ្លួន គឺគណបក្សនវានុវត្តន៍ជប៉ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





