អនុប្រធានាធិបតីប៉ាឡេស្ទីនអំពាវនាវឱ្យមានសកម្មភាពពីពិភពលោក បន្ទាប់ពីមានសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលទៅលើតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- អនុប្រធានាធិបតីប៉ាឡេស្ទីនលោក ហ៊ូសេន អាល់-ស្សេក (Hussein al-Sheikh) បាននិយាយថាសេចក្តីសម្រេចរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើតំបន់វេសប៊ែងដែលត្រូវបានកាន់កាប់ គឺស្មើនឹងការលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខា និងមានកាតព្វកិច្ច ហើយប្រឈមនឹងហានិភ័យនៃភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងតំបន់។
លោក អាល់-ស្សេក បាននិយាយកាលពីពេលថ្មីៗនេះនៅលើបណ្តាញផ្សព្វផ្សាយសង្គមអ៊ិចរបស់អាមេរិកថា «អ្វីដែលកំពុងត្រូវបានផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់អ៊ីស្រាអែលនាពេលខាងមុខដើម្បីពង្រឹងការបញ្ចូលទឹកដី និងដាក់ចេញនូវការពិតថ្មីនៅក្នុងតំបន់វេសប៊ែង រួមទាំងនៅក្នុងតំបន់ A បង្កើតបានជាការលុបចោលនូវកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខា និងមានកាតព្វកិច្ចរវាងភាគីនានា និងតំណាងឱ្យការកើនឡើងដ៏គ្រោះថ្នាក់ និងការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់»។
លោកបានបន្ថែមថា «វិធានការជាឯកតោភាគីទាំងនេះ មានគោលបំណងធ្វើឱ្យខូចដល់គោលនយោបាយណាមួយ រុះរើដំណោះស្រាយរដ្ឋពីរ និងអូសតំបន់នេះឱ្យធ្លាក់ចូលទៅក្នុងភាពតានតឹង និងអស្ថិរភាពបន្ថែមទៀត»។
លោក អាល់-ស្សេក បានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ឈប់ «ការឈ្លានពានដែលជំរុញដោយការកាន់កាប់តំបន់នេះ»។
នៅពេលមុននេះបន្តិចកាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តវិធានការដែលផ្លាស់ប្តូរក្របខ័ណ្ឌច្បាប់ និងស៊ីវិលនៅក្នុងតំបន់វេសប៊ែងដែលត្រូវបានកាន់កាប់ ដើម្បីពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





