គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន បង្ហាញលទ្ធផលបោះឆ្នោតល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- គណបក្សប្រជាធិបតេយ្យសេរី(LDP) របស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រីសាណាអេ តាកាអ៊ីឈិ (Sanae Takaichi) បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយបានឈ្នះពីរភាគបីនៃអាសនៈនៅក្នុងសភាជាន់ទាប ហើយវាជាការបង្ហាញពីលទ្ធផលល្អបំផុតចាប់តាំងពីការបង្កើតគណបក្សនេះនៅឆ្នាំ១៩៥៥ មក។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់គណៈកម្មការរៀបចំការបោះឆ្នោតក្នុងតំបន់។
គណបក្ស LDP បានឈ្នះ ៣១៦អាសនៈ ដោយធានាបាននូវសំឡេងភាគច្រើនតាមរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវនាពេលអនាគតដើម្បីផ្លាស់ប្តូរច្បាប់ជាមូលដ្ឋាន ដែលទាំងខ្លួន និងប្រមុខរដ្ឋាភិបាលបានតស៊ូមតិជាយូរមកហើយ។ វាក៏នឹងអនុញ្ញាតឱ្យប្លុកកាន់អំណាចអនុម័តច្បាប់ណាមួយដោយមិនអើពើនឹងការសម្រេចចិត្តរបស់សភាជាន់ខ្ពស់ ដែលបច្ចុប្បន្នវាមិនមានសំឡេងភាគច្រើនផងដែរ។ សម្ព័ន្ធមិត្តរបស់គណបក្ស LDP នៅក្នុងសម្ព័ន្ធភាពកាន់អំណាច គឺគណបក្សការចាប់ផ្តើមថ្មីជប៉ុន ដែលនឹងទទួលបាន៣៦អាសនៈ។
គណបក្សប្រឆាំងបានរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ។ គណបក្សប្រឆាំងសំខាន់របស់ប្រទេសជប៉ុន គឺគណបក្សសម្ព័ន្ធភាពកំណែទម្រង់កណ្តាលដែលបានឈ្នះត្រឹមតែ ២៨អាសនៈប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង១៧២អាសនៈកាលពីការបោះឆ្នោតមុន។ គណបក្សកុម្មុយនិស្តជប៉ុនទទួលបាន ០៤អាសនៈ គណបក្សសេរីឆ្វេងនិយម និងគណបក្សកាត់បន្ថយពន្ធជប៉ុនទទួលបានម្នាក់ ០១អាសនៈ។
គណបក្សសាន់សេអ៊ីតូ (Sanseito) ដែលមាននិន្នាការអភិរក្សនិយមខ្លាំង ដែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតពីបទរើសអើងជាតិសាសន៍ និងការរើសអើងជនបរទេសនោះ បានបង្ហាញលទ្ធផលល្អណាស់ ដោយបង្កើនចំនួនអាណត្តិរបស់ខ្លួនពី ០៣អាសនៈកាលពីការបោះឆ្នោតលើកមុន ដល់ ១៥អាសនៈនាពេលនេះ។ គណបក្សមីរ៉ាអ៊ី(Mirai) ដែលត្រូវបានបង្កើតឡើងកាលពីប្រាំបួនខែមុន និងតស៊ូមតិយ៉ាងសកម្មចំពោះការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏បានបង្ហាញលទ្ធផលល្អឥតខ្ចោះផងដែរ ដោយបានកាន់កាប់អាសនៈចំនួន០៩ នៅក្នុងសភាជាន់ទាប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





