អ្នកនយោបាយ ឥស្សរជនសាធារណៈ និងប្រជាពលរដ្ឋ គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបកុម្មុយនិស្ត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ្នកនយោបាយ ឥស្សរជនសាធារណៈ និងប្រជាពលរដ្ឋប៊ុលហ្គារី បានគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបកុម្មុយនិស្តនៅឯវិមានរំលឹកដល់ជនរងគ្រោះនៃរបបកុម្មុយនិស្ត ដែលមានទីតាំងនៅជាប់នឹងវិហារទុក្ករបុគ្គលប៊ុលហ្គារី នៅជិតវិមានវប្បធម៌ជាតិនៅទីក្រុងសូហ្វីយ៉ា កាលពីថ្ងៃអាទិត្យ។
ប្រទេសប៊ុលហ្គារីប្រារព្ធទិវាដឹងគុណ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបកុម្មុយនិស្ត ដោយសារការប្រហារជីវិតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រប៊ុលហ្គារី ដែលត្រូវបានធ្វើឡើងកាលពី ៨១ឆ្នាំមុន។ នៅថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ១៩៤៥ ការកាត់ទោសប្រហារជីវិតត្រូវបានប្រកាសដោយគណៈកម្មការទីមួយ និងទីពីរនៃតុលាការប្រជាជន។ នៅថ្ងៃនោះគណៈកម្មការទីមួយនៃតុលាការប្រជាជនបានកាត់ទោសអ្នករាជានុសិទ្ធិទីប្រឹក្សារាជវង្ស រដ្ឋមន្ត្រី និងសមាជិកសភា ដែលខ្លួនបានប្រកាសថា«មានទោសចំពោះគ្រោះមហន្តរាយជាតិលើកទីបី និងចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនប៊ុលហ្គារីក្នុងអំឡុងពេលគ្រប់គ្រងរបស់ពួកគេក្នុងការបម្រើដល់ក្រុមចក្រពត្តិនិយមគាំទ្រអាល្លឺម៉ង់»។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៦ តុលាការកំពូលបានលុបចោលសាលក្រមដែលចេញនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៤៥ នោះ។
ពិធីរំលឹកវិញ្ញាណក្ខន្ធសម្រាប់ជនរងគ្រោះនៃលទ្ធិកុម្មុយនិស្ត ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីអភិបាលទីក្រុងសូហ្វីយ៉ាលោក ស្តេហ្វេន អាសូវ (Stefan Arsov) សមាជិកសភាមកពីក្រុមនយោបាយផ្សេងៗ ដែលរួមមានលោក អេលីសាវេតា បេឡូប្រាដូវ៉ា(Elisaveta Belobradova) លោក អាឡេកសាន់ដា ស៊ីមីដឈីវ(Aleksandar Simidchiev) និងលោក អ៊ីវ៉ាយឡូ មើឆេវ (IvayloMirchev) (មកពីគណបក្សប្រជាធិបតេយ្យប៊ុលហ្គារី)។ លោក យ៉ូដាន់កា ហ្វេនដាកូវ៉ា (Yordanka Fandakova) លោក ដានីញែល រ៉េយឆេវ៉ា(Daniela Raycheva) លោក រូមែន រីស្តូវ (Rumen Hristov) និងលោក រីស្តូ ហ្គាដស្សេវ (Hristo Gadzhev) (មកពីគណបក្ស GERB-UDF) លោក ស្តេនីស្លាវ អាណាស្តាសូវ (Stanislav Anastasov) លោក អ៊ីស្កា មីហេយឡូវ៉ា (Iskra Mihaylova) និងលោក អ៊ីស្មែល អូស្មាន់ (Ismail Osman)(មកពីគណបក្សចលនាដើម្បីសិទ្ធិ និងសេរីភាព - ការចាប់ផ្តើមថ្មី) ក៏ដូចជាក្រុមប្រឹក្សាក្រុង ដោយក្នុងនោះរួមមានលោក ហ្រ្គេទី ស្តេហ្វេណូវ៉ា (GretiStefanova) លោក បូយកូ ឌីមីត្រូវ (Boyko Dimitrov) និងលោក ម៉ាតា ចចជីវ៉ា (Marta Georgieva) (មកពីគណបក្សប្រជាធិបតេយ្យប៊ុលហ្គារី) និងលោក អ៊ីវេន សូទីរ៉ូវ (Ivan Sotirov) (មកពីគណបក្សប្ល៊ូសូហ្វីយ៉ា)។
ថ្លែងទៅកាន់អ្នកដែលបានប្រមូលផ្តុំគ្នាដើម្បីគោរពដល់ជនរងគ្រោះនោះ បូជាចារ្យ បូរីស មីហ៊ែល (Boris Mihail) បានប្រកាសពីការចាប់ផ្តើមគំនិតផ្តួចផ្តើមរបស់ព្រះវិហារ ដើម្បីរៃអង្គាសថវិកាសម្រាប់ការទិញកណ្តឹងព្រះវិហារ ដែលអាចប្រមូលផ្តុំមនុស្សទាំងក្នុងគ្រានៃសេចក្តីរីករាយ និងទុក្ខព្រួយ។ លោកបានកត់សម្គាល់ថា នៅទីតាំងនេះ ជាកន្លែងដែលមនុស្សមកជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ទុក្ករបុគ្គលដ៏ពិសិដ្ឋទាំងនេះ វាស័ក្តិសមសម្រាប់សាសនាក្នុងការមានសំឡេងរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





