ថៃកំពុងរង់ចាំលទ្ធផលបោះឆ្នោត ចំពេលដែលមានអស្ថិរភាពនយោបាយយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលរបស់ប្រទេសថៃបានបិទកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីការបោះឆ្នោតដោយរលូននៅទូទាំងប្រទេស។ សមាជិកសភាដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះនឹងត្រូវចូលរួមបោះឆ្នោតនៅក្នុងខែមេសាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលបន្ទាប់របស់ប្រទេសនេះសម្រាប់រយៈពេលបួនឆ្នាំខាងមុខ ចំពេលដែលកំពុងមានអស្ថិរភាពនយោបាយយូរអង្វែង។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមនៅវេលាម៉ោង៨:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយមានអ្នកមានសិទ្ធិបោះឆ្នោតប្រហែល៥២,៩លាននាក់ ហើយមន្ត្រីប៉ូលិសជាង ១២៦.០០០នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារការិយាល័យបោះឆ្នោតចំនួន ៩៩.៥៣៨កន្លែងនៅទូទាំងប្រទេស។ នេះបើយោងតាមស្ថិតិផ្លូវការ។
គណបក្សនយោបាយសរុបចំនួន៥៧ បានបញ្ជូនបេក្ខភាពឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនេះ ខណៈដែលគណបក្សចំនួន៤៣ បានតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីដែលមានចំនួន ៩៣នាក់។គណបក្សនយោបាយសំខាន់ៗដែលឈរឈ្មោះក្នុងការបោះឆ្នោតជាសកលនេះរួមមាន គណបក្សភូមិចៃថៃ គណបក្សភឿថៃ គណបក្សប្រជាជន គណបក្សប៉ាឡាំងប្រាឆារ៉ាត់ គណបក្សប្រជាធិបតេយ្យ គណបក្សខ្លាថាម និងគណបក្សរួបរួមជាតិថៃ។
ក្រោមប្រព័ន្ធបោះឆ្នោតចម្រុះ អ្នកបោះឆ្នោតបានសិទ្ធិបោះឆ្នោតពីរសន្លឹក ដោយមួយសន្លឹកសម្រាប់បេក្ខភាពមណ្ឌលបោះឆ្នោត និងមួយសន្លឹកទៀតសម្រាប់សមាជិកសភា ឬសមាជិកសភាក្នុងបញ្ជីគណបក្ស។សមាជិកសភាចំនួន ៤០០នាក់ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ពីមណ្ឌលបោះឆ្នោតដោយផ្អែកលើគោលការណ៍អ្នកឈ្នះទទួលបានទាំងអស់ខណៈដែលអាសនៈចំនួន១០០ ផ្សេងទៀតនៅក្នុងបញ្ជីគណបក្សត្រូវបានបែងចែកតាមសមាមាត្រដោយផ្អែកលើការបោះឆ្នោតទូទាំងប្រទេស។
សមាជិកសភាទាំង ៥០០រូបនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភាទេ បន្ទាប់ពីការផុតកំណត់នៃបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញអន្តរកាល។ បេក្ខភាពម្នាក់ត្រូវតែទទួលបានសំឡេងគាំទ្រលើសពីពាក់កណ្តាលនៃសភាតំណាងរាស្ត្រ ឬយ៉ាងហោចណាស់២៥១សំឡេង។
នៅក្នុងរដ្ឋធានីបាងកកដែលជាសមរភូមិដ៏មានតម្លៃបំផុត មានសមាជិកសភាចំនួន ៣៣នាក់ ដែលតំណាងឱ្យប្រជាជនប្រហែល ៥,៤លាននាក់ ហើយមន្ត្រីប្រហែល ៩៧.០០០នាក់ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការនេះ។ នេះបើយោងតាមលោក ណារ៉ុង រឿងស្រ៊ី (Narong Ruangsri) លេខាធិការអចិន្ត្រៃយ៍ទីក្រុងបាងកកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃអាទិត្យ។
លោក ណារ៉ុង បាននិយាយថា លេខាធិការអចិន្ត្រៃយ៍រងទាំងប្រាំមួយរូប បានទៅទស្សនកិច្ចការិយាល័យបោះឆ្នោតនៅទូទាំងរាជធានី ដែលគ្របដណ្តប់លើការិយាល័យបោះឆ្នោតជាង ៦.៥៣០កន្លែង ដើម្បីផ្តល់ដំបូន្មានដល់គណៈកម្មាធិការការិយាល័យបោះឆ្នោត និងធានាបាននូវប្រតិបត្តិការដែលមានសណ្តាប់ធ្នាប់។
ដោយផ្អែកលើការស្ទង់មតិជាច្រើនជុំមុនថ្ងៃបោះឆ្នោត គេជឿយ៉ាងទូលំទូលាយថា លទ្ធផលនៃការបោះឆ្នោតនេះនឹងក្លាយជាការប្រកួតប្រជែងបីផ្លូវរវាងគណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អានុធីន ចាន់វីរៈគុល (Anutin Charnvirakul) គណបក្សប្រជាជនជឿនលឿនដឹកនាំដោយលោក ណាថាផុង រឿងប៉ានីយ៉ាវុត (Natthaphong Ruengpanyawut) និងគណបក្សភឿថៃ ដែលគាំទ្រដោយគ្រួសារស៊ីណាវ៉ាត្រា (Shinawatra)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





