កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីនឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនកូដ QR
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ធនាគារកូរ៉េ (BOK) បានប្រកាសកាលពីពេលថ្មីៗនេះថា កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់តាមកូដ QR ឆ្លងកាត់ព្រំដែនចាប់ពីខែមេសាតទៅ ដោយមានគោលបំណងសម្រួលដល់ការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ និងការធ្វើដំណើររវាងប្រទេសទាំងពីរ។
ក្រោមផែនការនេះ សេវាទូទាត់ប្រាក់តាមកូដ QR ឆ្លងកាត់ព្រំដែន នឹងត្រូវបានផ្តល់ជូននៅតាមហាងលក់រាយនៅក្នុងប្រទេសទាំងពីរ បន្ទាប់ពីធនាគារកណ្តាលរបស់ពួកគេបានបង្កើតក្របខ័ណ្ឌប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក (LCT) រួមគ្នា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលបានចុះហត្ថលេខាកាលពីក្នុងខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារកូរ៉េបាននិយាយថា ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយបន្ទុកប្តូរប្រាក់បរទេស និងថ្លៃសេវាប្រតិបត្តិការ ដោយសម្រួលដល់ការផ្លាស់ប្តូរទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យជាច្រើន រួមទាំងពាណិជ្ជកម្ម ទេសចរណ៍ និងការប្រើប្រាស់។
នៅថ្ងៃដដែលនោះ អភិបាលធនាគារកូរ៉េ លោក រី ឆាង-យ៉ុង (Rhee Chang-yong) និងអភិបាលធនាគារឥណ្ឌូណេស៊ី លោក ភែរី វ៉ាជីយ៉ូ (Perry Warjiyo) បានធ្វើកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ដើម្បីពិនិត្យមើលទៅលើវឌ្ឍនភាពស្តីពីការភ្ជាប់សេវាកម្មទូទាត់ប្រាក់ និងបានព្រមព្រៀងគ្នារក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅពេលខាងមុខ។
ធនាគារកណ្តាលកូរ៉េក៏បាននិយាយផងដែរថា ខ្លួនមានគម្រោងពង្រីកការអនុវត្តប្រព័ន្ធថ្មីនេះបន្តិចម្តងៗទៅក្នុងបរិយាកាសទូទាត់ប្រាក់តាមអនឡាញ ខណៈដែលកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការតភ្ជាប់ការទូទាត់ប្រាក់ដោយផ្អែកលើកូដ QR ទៅកាន់ប្រទេសជាសមាជិកដទៃទៀតនៅក្នុងតំបន់អាស៊ាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





