ការជំរុញការតភ្ជាប់បណ្តាញអគ្គិសនីឆ្លងដែនអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ថ្នាក់ដឹកនាំ និងអ្នកជំនាញថាមពល ដែលបានជួបប្រជុំគ្នានៅក្នុងវេទិកាមួយ ស្តីពីផែនទីបង្ហាញផ្លូវការផ្លាស់ប្តូរថាមពល និងនិរន្តរភាព របស់ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះបានរាយការណ៍ពីវឌ្ឍនភាពជាក់ស្តែងក្នុងការអភិវឌ្ឍបណ្តាញអគ្គិសនី ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដោយបានគូសបញ្ជាក់ពីប្រទេសវៀតណាមថាជាដៃគូសំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
លទ្ធផលសំខាន់មួយ គឺការដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមតភ្ជាប់បណ្តាញអគ្គិសនី ដែលភ្ជាប់ប្រទេសវៀតណាមជាមួយឧបទ្វីបម៉ាឡេស៊ី។ដោយត្រូវបានដឹកនាំដោយក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសម៉ាឡេស៊ីPetronas និងក្រុមហ៊ុនរដ្ឋ Tenaga Nasional Berhad (TNB) គម្រោងនេះត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន(APG) ដែលជាការជំរុញក្នុងតំបន់រយៈពេលវែងដើម្បីជំរុញសន្តិសុខថាមពល ខណៈដែលកំពុងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។
អ្នកឯកទេសបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមថាមពលខ្យល់នៅឯនាយសមុទ្រវៀតណាម-ម៉ាឡេស៊ី-សិង្ហបុរី (VMS) ត្រូវបានគេព្យាករថានឹងផ្តល់សមត្ថភាពរហូតដល់ ២.០០០មេហ្កាវ៉ាត់ និងអាចចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០៣៤ ដោយកំណត់ស្តង់ដារថ្មីសម្រាប់ការជួញដូរអគ្គិសនីឆ្លងកាត់ព្រំដែន។ ដើម្បីជំរុញគម្រោងនេះទៅមុខ ដៃគូកំពុងធ្វើការសិក្សាលទ្ធភាពស៊ីជម្រៅ ដោយពិនិត្យមើលការដំឡើងខ្សែកាបក្រោមសមុទ្រ ក៏ដូចជាផ្លូវដីគោក តាមរយៈប្រទេសកម្ពុជា និងឡាវ ដើម្បីដោតចូលទៅក្នុងបណ្តាញអគ្គិសនីក្នុងតំបន់។ ពួកគេបានបន្ថែមថា ភាពជោគជ័យមិនត្រឹមតែអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើការតម្រឹមយ៉ាងជិតស្និទ្ធនៃស្តង់ដារបច្ចេកទេស របបបទប្បញ្ញត្តិ និងគំរូធុរកិច្ចផងដែរ។
ថ្លែងនៅក្នុងវេទិកានោះ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី ហ្វាឌីឡាហ៍ ហាជី យូសូហ្វ (Fadillah Haji Yusof) បាននិយាយថា ថ្លៃសេវាបញ្ជូន ស្តង់ដារបណ្តាញអគ្គិសនី និងច្បាប់ប្រតិបត្តិការ ត្រូវតែដោះស្រាយរួមគ្នាដោយស្ថាប័នបច្ចេកទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីឱ្យទីផ្សារថាមពលក្នុងតំបន់រួមបញ្ចូលគ្នាយ៉ាងពិតប្រាកដ។ ការសម្របសម្រួលបែបនេះកាន់តែមានភាពបន្ទាន់ ខណៈដែលប្រទេសដូចជាវៀតណាម និងម៉ាឡេស៊ី កំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមរួមគ្នានៃការធ្វើឱ្យមានតុល្យភាពសន្តិសុខថាមពល លទ្ធភាពទិញ និងនិរន្តរភាពបរិស្ថាន។
លោកស្រី គីម-ស៊ី លីម (Kim-See Lim) មកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានគូសបញ្ជាក់ពីតួនាទីរបស់ស្ថាប័នពហុភាគីអព្យាក្រឹតនេះ ក្នុងការគាំទ្រគម្រោងឆ្លងដែន ដូចជាគម្រោង APG ជាដើម ដោយជួយប្រមូលផ្តុំរដ្ឋាភិបាល អ្នកផ្តល់សេវាប្រើប្រាស់ និងអ្នកផ្តល់សេវាបច្ចេកវិទ្យា ដើម្បីធានាបាននូវភាពស្ថិតស្ថេរផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ លោកស្រីបានបន្ថែមថា គោលនយោបាយច្បាស់លាស់ និងផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលដ៏គួរឱ្យទុកចិត្តនឹងមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញការវិនិយោគរយៈពេលវែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





