លោក វីតកូហ្វ ៖ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ព្រមព្រៀងគ្នាដោះដូរអ្នកទោសចំនួន ៣១៤នាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដោះដូរអ្នកទោសចំនួន ៣១៤នាក់។ នេះបើយោងតាមប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff)។
លោក វីតកូហ្វ បានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «ថ្ងៃនេះ គណៈប្រតិភូមកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាដោះដូរអ្នកទោសចំនួន ៣១៤នាក់ ដែលជាការដោះដូរលើកដំបូងក្នុងរយៈពេលប្រាំខែ»។
ខណៈដែលការងារសំខាន់ៗនៅតែមាន លោកបានកត់សម្គាល់ថា ជំហានដូចនេះជាការបង្ហាញពីការចូលរួមផ្នែកការទូតប្រកបដោយចីរភាព ដែលកំពុងផ្តល់លទ្ធផលជាក់ស្តែង និងជួយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់វិបត្តិនៅអ៊ុយក្រែន ដោយលោកបានបន្ថែមថា កិច្ចពិភាក្សានឹងបន្តជាមួយនឹងវឌ្ឍនភាពបន្ថែមទៀតដែលរំពឹងទុកនៅក្នុងសប្តាហ៍ខាងមុខ។
លោក វីតកូហ្វ ក៏បានកត់សម្គាល់ផងដែរថា ការងារសំខាន់ៗនៅតែមាននៅខាងមុខ ប៉ុន្តែលោកបាននិយាយថា កិច្ចព្រមព្រៀងនេះបានបង្ហាញថា ការចូលរួមផ្នែកការទូតកំពុងផ្តល់លទ្ធផលជាក់ស្តែង។
កិច្ចចរចាជុំទីពីរ ស្តីពីអ៊ុយក្រែនក្នុងក្របខ័ណ្ឌនៃក្រុមការងារត្រីភាគី បានចាប់ផ្តើមនៅរដ្ឋធានីរបស់អេមីរ៉ាត់អារ៉ាប់រួមកាលពីថ្ងៃពុធ ដោយមានតំណាងមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនចូលរួម និងបន្តកិច្ចចរចាដល់ថ្ងៃទីពីរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
កិច្ចចរចាពីមុនរបស់ក្រុមការងារត្រីភាគីនៅរដ្ឋធានីអាប៊ូដាប៊ី ស្តីពីបញ្ហាសន្តិសុខ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





