លោក ដូណាល់ ត្រាំ អាចជ្រើសរើសជម្រើសយោធាទៅលើអ៊ីរ៉ង់ ប្រសិនបើជម្រើសការទូតបរាជ័យ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ (JD Vance) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹង «រក្សាជម្រើសរបស់លោកឱ្យនៅតែបើកចំហ» ទៅលើអ៊ីរ៉ង់ ដោយបន្តមធ្យោបាយមិនមែនយោធាជាមុនសិន ហើយអាចប្រើមធ្យោបាយកម្លាំងនៅទីបំផុត។
លោក វែនស៍ បាននិយាយថា «ប្រសិនបើលោកមានអារម្មណ៍ថាយោធាជាជម្រើសតែមួយគត់ នោះលោកនឹងជ្រើសរើសជម្រើសនោះនៅទីបំផុត»។
លោក វែនស៍ បានបន្ថែមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយ «ចិន រុស្ស៊ី និងប្រទេសណាមួយ» ដើម្បីកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី (Abbas Araghchi )បាននិយាយថា កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីមូស្កាតរបស់ប្រទេសអូម៉ង់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





