សេដ្ឋកិច្ចអេត្យូពីត្រូវបានព្យាករថានឹងកើនឡើង ១០,២%
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ីយ អាហ៍មេដ (Abiy Ahmed) បានសាទរចំពោះគន្លងកំណើនរបស់ប្រទេស ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេព្យាករថានឹងកើនឡើង ១០,២% នៅក្នុងឆ្នាំសារពើពន្ធអេត្យូពីឆ្នាំ២០២៥-២០២៦ បច្ចុប្បន្ន។
លោក អាប៊ីយ បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលកំពុងបង្ហាញរបាយការណ៍នៃការអនុវត្តរយៈពេលប្រាំមួយខែរបស់រដ្ឋាភិបាលទៅកាន់សភាតំណាងរាស្ត្រ ដែលជាសភាជាន់ទាបនៃសភាអេត្យូពីនៅទីក្រុងអាដឌីស អាបាបា រដ្ឋធានីនៃប្រទេសអេត្យូពី។
លោកបានកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាហ្វ្រិកខាងកើតនេះត្រូវបានគេព្យាករថានឹងកត់ត្រាកំណើន ១០,២% ដែលស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
លោក អាប៊ីយ បានបញ្ជាក់ពីការអនុវត្តវិជ្ជមាននៅទូទាំងវិស័យសេដ្ឋកិច្ចផ្សេងៗ ដូចជាពាណិជ្ជកម្មនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស ផលិតភាពកសិកម្ម និងវិស័យរ៉ែជាដើម។
យោងតាមនាយករដ្ឋមន្ត្រី ប្រទេសអេត្យូពីរកបានប្រាក់ចំណូល ៥,១ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញទំនិញក្នុងរយៈពេលប្រាំមួយខែកន្លងមកដែលបង្ហាញពីការអនុវត្ត ១២០% នៃគោលដៅដំបូង។ ប្រទេសនេះក៏ទទួលបានប្រាក់ចំណូល ៤,៥ប៊ីលានដុល្លារអាម៉េរិកពីការនាំចេញសេវាកម្ម និងការវិនិយោគផ្ទាល់ពីបរទេសចំនួន ២,៣ប៊ីលានដុល្លារអាម៉េរិកក្នុងអំឡុងពេលដែលបានរាយការណ៍។
លោក អាប៊ីយ បានមានប្រសាសន៍ថា កំណែទម្រង់សេដ្ឋកិច្ចដែលកំពុងបន្តរបស់រដ្ឋាភិបាលរបស់លោកមានគោលបំណងចម្បងក្នុងការធ្វើឱ្យអតុល្យភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព កាត់បន្ថយបន្ទុកបំណុលរបស់ប្រទេស និងសម្រេចបាននូវកំណើនដែលមានគុណភាពខ្ពស់ដោយការផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចពីវិធីសាស្រ្តដឹកនាំដោយកសិកម្មទៅជារចនាសម្ព័ន្ធចម្រុះជាងមុន។
លោកបានមានប្រសាសន៍ថា «ក្នុងន័យនេះ តាមរយៈវិធានការទាំងអស់ ប្រទេសអេត្យូពីបានកត់ត្រាពីភាពជោគជ័យផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់» ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសអាហ្វ្រិកខាងកើតនេះសម្រេចបាន «កំណើនសេដ្ឋកិច្ចឈានមុខគេមួយដោយគ្មានធនធានប្រេង»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





