មីយ៉ាន់ម៉ាបង្កើនការបង្ការប្រឆាំងនឹងមេរោគនីប៉ា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបង្កើនការត្រួតពិនិត្យសុខភាពនិងការត្រួតពិនិត្យរោគរាតត្បាតនៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន ដើម្បីការពារហានិភ័យនៃមេរោគនីប៉ា (Nipah) ចូលទៅក្នុងប្រទេស។
ដូច្នេះ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃមេរោគនេះនៅក្នុងរដ្ឋបេងហ្កាល់ខាងលិចរបស់ប្រទេសឥណ្ឌា ការយកចិត្តទុកដាក់ជាពិសេសកំពុងត្រូវបានផ្តល់ដល់អ្នកធ្វើដំណើរដែលទៅដល់ពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ ដោយការត្រួតពិនិត្យសុខភាពផ្តោតលើអាការៈគ្រុនក្តៅ និងរោគសញ្ញាផ្សេងទៀតដែលទាក់ទងនឹងមេរោគនីប៉ា។
ក្រសួងបាននិយាយថា ការត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរដែលទៅដល់ពីបរទេសកំពុងត្រូវបានធ្វើឡើងស្របតាមគោលការណ៍ណែនាំដែលបានបង្កើតឡើងសម្រាប់ជំងឺឆ្លងដែលអាចបង្កឱ្យមានភាពអាសន្នផ្នែកសុខភាពសាធារណៈ។
ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយល់ដឹងអំពីសុខភាពខិត្តប័ណ្ណព័ត៌មានកំពុងត្រូវបានចែកចាយដល់អ្នកធ្វើដំណើរ និងផ្ទាំងរូបភាពត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋាន។
ក្រសួងបាននិយាយថា វិធានការបង្ការ និងគ្រប់គ្រងជំងឺក៏កំពុងត្រូវបានអនុវត្តផងដែរ ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋាន។
វិធានការឃ្លាំមើល និងត្រួតពិនិត្យស្រដៀងគ្នានេះក៏កំពុងត្រូវបានអនុវត្តដែរនៅអាកាសយានដ្ឋានអន្តរជាតិម៉ាន់ដាឡេ។
ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះ មិនមានករណីសង្ស័យថាមានមេរោគនីប៉ាត្រូវបានរាយការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





