ឥណ្ឌូណេស៊ីបន្តស្វែងរកជនរងគ្រោះដោយសារការរអិលបាក់ដីនៅកោះជ្វាខាងលិច
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការស្វែងរកជនរងគ្រោះនៃហេតុការណ៍រអិលបាក់ដីនៅខេត្តកោះជ្វាខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ីបានបន្តកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មក ដោយចំនួនសាកសពដែលបានរកឃើញបានកើនឡើងដល់ ៨០នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក អាដេ ឌៀន ភើម៉ាណា (Ade Dian Permana) ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះទីក្រុងបានឌុង ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា គិតត្រឹមម៉ោង ១១:៤៥នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សាកសពដែលបានរកឃើញទាំងអស់ត្រូវបានយកចេញ។
ការរអិលបាក់ដីបានវាយប្រហារតំបន់ Cisarua ក្នុងតំបន់បានឌុងខាងលិចកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដែលប៉ះពាល់ដល់មនុស្សចំនួន ១៥៨នាក់ ហើយមនុស្សចំនួន ៥៦៤នាក់ត្រូវបានផ្លាស់ទីលំនៅពី ១៦៤គ្រួសារនិងបំផ្លាញផ្ទះចំនួន ៤៨ខ្នង។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដីក្នុងរដូវវស្សា ដែលជាធម្មតាចាប់ផ្តើមពីខែតុលាដល់ខែមីនា។ អាជ្ញាធរមូលដ្ឋានកំពុងបន្តព្រមានប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ឱ្យត្រៀមខ្លួនសម្រាប់ការរអិលបាក់ដីថ្មីៗទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





