សិង្ហបុរីសម្ពោធកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដំបូងគេនៅមូលដ្ឋានយោធា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដំបូងគេនៅមូលដ្ឋានយោធាមួយក្នុងប្រទេសសិង្ហបុរី ត្រូវបានដាក់ឱ្យដំណើរការនៅមូលដ្ឋានទ័ពអាកាសសេមបាវ៉ាង (Sembawang) ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF)។
ថ្លែងនៅក្នុងពិធីសម្ពោធ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក ចាន់ ជុនស៊ីង (Chan Chun Sing) បាននិយាយថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កងកម្លាំង SAF ដោយលោកបានកត់សម្គាល់ថា គម្រោងនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសជាតិក្នុងការបង្កើនភាពធន់នៃថាមពល រួមទាំងការផលិតថាមពលប្រកបដោយចីរភាព និងការគ្រប់គ្រងតម្រូវការ។
កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្កើតថាមពលបាន ១៨មេហ្កាវ៉ាត់នៅត្រឹមចុងឆ្នាំ២០២៦ ដែលស្មើនឹងការផ្គត់ផ្គង់ថាមពលដល់បន្ទប់ស្នាក់ដែលមានបួនបន្ទប់ចំនួន ៤.៧០០ខ្នងជារៀងរាល់ឆ្នាំដែលអាចសន្សំសំចៃការចំណាយប្រហែល ១,៩លានដុល្លារសិង្ហបុរី(ប្រហែល ១,៥លានដុល្លារអាម៉េរិក) ជារៀងរាល់ឆ្នាំ។
ជាមួយនឹងការបញ្ចប់គម្រោងនេះ ក្រសួងការពារជាតិសម្រេចបានគោលដៅរបស់ខ្លួនក្នុងការផលិតថាមពលចំនួន ៥០មេហ្កាវ៉ាត់នៅក្នុងឆ្នាំ២០២៥ ដោយរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃផែនការបៃតងឆ្នាំ២០៣០ របស់ប្រទេសសិង្ហបុរី។ ក្រសួងក៏មានគម្រោងបន្តដំឡើងបន្ទះថាមពលពន្លឺព្រះអាទិត្យនៅតាមបន្ទាយ និងមូលដ្ឋានទ័ពអាកាសផ្សេងៗទៀត ដោយមានគោលបំណងបង្កើតថាមពលពន្លឺព្រះអាទិត្យប្រហែល ៦៨មេហ្កាវ៉ាត់នៅត្រឹមចុងឆ្នាំ២០២៧៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





