សិង្ហបុរីពិចារណាទៅលើអនុសាសន៍ដើម្បីការពារកំណើនសេដ្ឋកិច្ច និងការងារ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- គណៈកម្មាធិការដែលមានភារកិច្ចធ្វើការត្រួតពិនិត្យយុទ្ធសាស្ត្រសេដ្ឋកិច្ច (ESR) របស់ប្រទេសសិង្ហបុរីកំពុងជំរុញឱ្យរដ្ឋាភិបាលទទួលយកហានិភ័យដែលត្រូវបានគណនា និងសាកល្បងគំនិតថ្មីៗ ដើម្បីការពារកំណើនសេដ្ឋកិច្ច និងការងារ ខណៈដែលការការពារនិយម និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័សកំពុងបន្តផ្លាស់ប្តូររូបរាងសេដ្ឋកិច្ចពិភពលោក។
សំណើទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្កាន់ គីមយ៉ុង (Gan Kim Yong) រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកដឹកជញ្ជូន និងជារដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុ លោក ជែហ្រ្វី សៀវ (Jeffrey Siow) និងរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកវប្បធម៌ សហគមន៍ និងយុវជន និងជារដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអប់រំ លោក ដេវីដ ណេអូ (David Neo)។
រដ្ឋមន្ត្រីទាំងនោះបានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាមូលដ្ឋានដោយវិធានពាណិជ្ជកម្ម និងវិនិយោគមានការបើកចំហ ដែលប្រទេសសិង្ហបុរីទទួលបានអត្ថប្រយោជន៍ហើយដែលកំពុងផ្តល់ដល់ពិភពលោកនូវការបង្កើតឡើងនៃការប្រជែងគ្នារវាងមហាអំណាច កង្វល់សន្តិសុខ និងផលប្រយោជន៍ជាតិ។
ទន្ទឹមនឹងនេះដែរ វិស័យធុរកិច្ច និងការងារ កំពុងត្រូវបានរំខានដោយការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត ចំនួនប្រជាជនវ័យចំណាស់ និងអត្រាកំណើតធ្លាក់ចុះរបស់ប្រទេសសិង្ហបុរី បានធ្វើឱ្យរដ្ឋទីក្រុងនេះនឹងត្រូវប្រឈមមុខនឹងកំណើនកម្លាំងពលកម្មយឺត។
គណៈកម្មាធិការ ESR ទាំងប្រាំ បានដាក់ជូននូវការធ្វើបច្ចុប្បន្នភាពការងារពាក់កណ្តាលអាណត្តិរបស់ពួកគេជាមួយនឹងអនុសាសន៍ចំនួនប្រាំពីរដែលរួមមានទាំងសំណើស្តីពីការរក្សាកំណើនសេដ្ឋកិច្ចនៅកម្រិតខ្ពស់ជាងមធ្យមភាគ ២% ទៅ ៣% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក៏ដូចជាការផ្តល់យោបល់ទៅលើការបង្កើតការងារល្អសម្រាប់ប្រជាជនសិង្ហបុរី និងការរៀបចំពួកគេឱ្យទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI)។
លោកឧបនាយករដ្ឋមន្ត្រី ហ្កាន់ បាននិយាយថា សំណើរបស់គណៈកម្មាធិការ ESR មានលក្ខណៈមធ្យមទៅរយៈពេលវែង និងជួយរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចដែលអនុញ្ញាតឱ្យសិង្ហបុរីទទួលយកការផ្លាស់ប្តូរនេះ ខណៈដែលនៅតែមានសមត្ថភាពប្រកួតប្រជែងនៅក្នុងទូទាំងពិភពលោក។ ក្នុងពេលជាមួយគ្នានេះ ពួកគេមានគោលបំណងធ្វើឱ្យប្រាកដថា វឌ្ឍនភាពសេដ្ឋកិច្ចមានលក្ខណៈបរិយាប័ន្ននិងបន្តបង្កើតការងារល្អៗ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





