ឥណ្ឌូណេស៊ីចាប់ផ្តើមកិច្ចប្រជុំកំពូលសេដ្ឋកិច្ចឥណ្ឌូណេស៊ីឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- កិច្ចប្រជុំកំពូលសេដ្ឋកិច្ចឥណ្ឌូណេស៊ីឆ្នាំ២០២៦ (IES) បានបើកជាផ្លូវការកាលពីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំធុរកិច្ច និងអ្នកធ្វើគោលនយោបាយមកពីទូទាំងតំបន់អាស៊ាន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព ចំពេលដែលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកលលោកដែលកំពុងតែបន្ត។
វាគ្មិនប្រមាណ ១០០នាក់ មកពីប្រទេសឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះ លោក អាសចាដ រ៉ាស់ជីដ (ArsjadRasjid) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាធុរកិច្ចឥណ្ឌូណេស៊ី (IBC) បាននិយាយថា ក្រោមប្រធានបទ «រួមគ្នាដើម្បីជំរុញកំណើនដ៏រឹងមាំ និងវិបុលភាព» កិច្ចប្រជុំកំពូលនេះជាវេទិកាយុទ្ធសាស្ត្រមួយ ដើម្បីពិភាក្សាអំពីទិសដៅនាពេលអនាគតសម្រាប់សេដ្ឋកិច្ចឥណ្ឌូណេស៊ី និងតំបន់អាស៊ានទាំងមូល។
នៅក្នុងពិធីបើក លោក អ៊ែឡាងហ្កា ហាតាតូ (Airlangga Hartarto)រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានគូសបញ្ជាក់ពីការចូលរួមយ៉ាងទូលំទូលាយរបស់ដៃគូ និងវិនិយោគិនអន្តរជាតិ ដែលជាប្រភពកម្លាំងដ៏សំខាន់មួយ ដែលរួមចំណែកដល់ការប្រកួតប្រជែងរបស់ឥណ្ឌូណេស៊ី ការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងការដាក់គ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ផ្តោតសំខាន់ទៅលើបញ្ហាសំខាន់ៗដែលរួមមានកំណើនប្រកបដោយបរិយាប័ន្ន គំរូសេដ្ឋកិច្ចជាតិគោលនយោបាយវិនិយោគពាណិជ្ជកម្ម និងឧស្សាហកម្ម ការផ្លាស់ប្តូរឌីជីថល ការប្រកួតប្រជែងផ្នែកធុរកិច្ច ជំហរសេដ្ឋកិច្ចរបស់អាស៊ាន និងយុទ្ធសាស្ត្រដើម្បីដោះស្រាយហានិភ័យជាសកល។
បន្ថែមពីលើវគ្គពិគ្រោះយោបល់ពេញអង្គ ព្រឹត្តិការណ៍នេះមានកិច្ចពិភាក្សាតុមូលតាមប្រធានបទ និងកិច្ចប្រជុំទ្វេភាគីជាច្រើន ដែលផ្តល់ឱកាសដើម្បីពង្រឹងកិច្ចសន្ទនារវាងសហគមន៍ធុរកិច្ច និងរដ្ឋាភិបាលក្នុងដំណើរការធ្វើគោលនយោបាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





