ហុងកុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំប៉ូលិសអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអ៊ីនធើណេត
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មតាមអ៊ីនធើណេតរបស់ប៉ូលិសអន្តរជាតិ(INTERPOL) បានរៀបចំនៅទីក្រុងហុងកុងកាលពីថ្ងៃចន្ទ ដោយមានអ្នកចូលរួមជាង ១២០នាក់ រួមទាំងមន្ត្រីអនុវត្តច្បាប់ និងអ្នកជំនាញមកពីឧស្សាហកម្ម និងអង្គការអន្តរជាតិមកពីប្រទេស និងតំបន់ជាង៣០។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ត្រូវបានរៀបចំរួមគ្នាដោយកម្លាំងប៉ូលិសហុងកុង (HKPF) និងប៉ូលិសអន្តរជាតិ ក្រោមប្រធានបទ «ការរំខានដល់ឧស្សាហូបនីយកម្មនៃឧក្រិដ្ឋកម្មតាមអ៊ីនធើណេត»។
លោក ចូវ យ៉ាតមីង (Chow Yat-ming) ស្នងការប៉ូលិសនៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង បាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកថា ដើម្បីដោះស្រាយការគំរាមកំហែងនៃឧក្រិដ្ឋកម្មតាមអ៊ីនធើណេត កម្លាំងប៉ូលិសហុងកុងប្តេជ្ញាអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ក្រោយលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបង្កើតប្រព័ន្ធអេកូឡូស៊ីសុវត្ថិភាពសាធារណៈតាមរយៈវេទិកាសហការផ្សេងៗ គម្រោងបច្ចេកវិទ្យាទំនើប និងការចូលរួមក្នុងឧស្សាហកម្ម។
លោក ចូវ បានសង្កត់ធ្ងន់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណេតប្រកបដោយប្រសិទ្ធភាព វាតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែនដ៏រឹងមាំ ភាពជាដៃគូអន្តរវិស័យ និងការកសាងសមត្ថភាពជាបន្តបន្ទាប់។
កិច្ចប្រជុំនេះបម្រើជាវេទិកាមួយដែលនាំមកនូវភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ស្ថាប័នសិក្សា និងឧស្សាហកម្ម ដើម្បីផ្លាស់ប្តូរការយល់ដឹងរួមគ្នាទៅជាផលប៉ះពាល់រួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធើណេតតាមរយៈការចែករំលែកបទពិសោធន៍ ការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍សម្ងាត់ និងសកម្មភាពសម្របសម្រួល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





