ស្ថាប័នអប់រំហិរញ្ញវត្ថុកំពូលៗរបស់ចិនដីគោក និងហុងកុង ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រឹងទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- សាលាហិរញ្ញវត្ថុ PBC (PBCSF) នៃសាកលវិទ្យាល័យ Tsinghua និងបណ្ឌិត្យសភាហិរញ្ញវត្ថុហុងកុង (AoF) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហការលើការស្រាវជ្រាវ ការផ្លាស់ប្តូរ និងការបណ្ដុះបណ្ដាលអ្នកដឹកនាំឧស្សាហកម្មហិរញ្ញវត្ថុ។
ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរបានសន្យាថានឹងលើកកម្ពស់ការផ្លាស់ប្តូរតាមរយៈព្រឹត្តិការណ៍រួមគ្នា សិក្ខាសាលានិងសន្និសីទសិក្សា ក៏ដូចជាការចាប់ផ្តើមកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍លើប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោក អេនុច ហ្វុង (Enoch Fung) នាយកប្រតិបត្តិរបស់ AoF បាននិយាយថា ភាពជាដៃគូថ្មីនេះនឹងជួយឱ្យ AoF ពង្រីកបណ្តាញរបស់ខ្លួននៅចិនដីគោក និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមទៀតជាមជ្ឈមណ្ឌលសម្រាប់ការបណ្ដុះបណ្ដាលអ្នកដឹកនាំឧស្សាហកម្មហិរញ្ញវត្ថុ។
លោក ជៀវ ជី (Jiao Jie) សាកលវិទ្យាធិការនៃសាលា PBSCF នៃសាកលវិទ្យាល័យ Tsinghua បាននិយាយថា ស្ថាប័ននេះទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយ AoF ក្នុងវិស័យនានា រួមទាំងគោលនយោបាយហិរញ្ញវត្ថុអន្តរជាតិ ការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលជំរុញដោយបច្ចេកវិទ្យា។
សាលា PBCSF នៃសាកលវិទ្យាល័យ Tsinghua ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ គឺជាការបណ្តាក់ទុនរួមគ្នារវាងសាកលវិទ្យាល័យTsinghua និងធនាគារកណ្តាលរបស់ប្រទេសចិន។ AoF ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការពេញលេញជាមួយស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ហុងកុង ដោយមានបេសកកម្មអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំហិរញ្ញវត្ថុ និងកសាងឃ្លាំងចំណេះដឹងក្នុងការស្រាវជ្រាវរូបិយវត្ថុ និងហិរញ្ញវត្ថុ។
ដោយមានការគាំទ្រពី AoF សាលា PBCSF នៃសាកលវិទ្យាល័យTsinghua បានរៀបចំវេទិកាមួយនៅទីក្រុងហុងកុងកាលពីដើមសប្តាហ៍នេះដើម្បីស្វែងយល់ពីផ្លូវដើម្បីជំរុញការប្រកួតប្រជែងជាសកលរបស់ទីក្រុង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





