លោក លី នឹងជួបជាមួយថ្នាក់ដឹកនាំធុរកិច្ច ដើម្បីពិភាក្សាអំពីការជួលយុវជន និងការវិនិយោគក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី លី ជែម្យុង (Lee Jae Myung) នឹងបើកកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីពង្រីកការងារយុវជន និងជំរុញការវិនិយោគសាជីវកម្មនៅខាងក្រៅតំបន់រដ្ឋធានី។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ នៅការិយាល័យឈឹងវ៉ាដេហើយនឹងមានការចូលរួមពីប្រធាន និងនាយកប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនកំពូលទាំង១០ របស់កូរ៉េខាងត្បូង រួមទាំងប្រធានក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង លោក លី ជែយ៉ុង (Lee Jae-yong) ក៏ដូចជានាយកប្រតិបត្តិមកពីក្រុមហ៊ុន SK ក្រុមហ៊ុនយានយន្តហ៊ីយ៉ាន់ដាយ និងក្រុមហ៊ុន LG ជាដើម។
យោងតាមការិយាល័យប្រធានាធិបតី បានឱ្យដឹងថា លោក លី ត្រូវបានគេរំពឹងថានឹងជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតការងារសម្រាប់យុវជន និងបង្កើនការវិនិយោគនៅក្នុងរោងចក្រផលិតកម្មក្នុងតំបន់។
ការជួបប្រជុំគ្នានេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំស្រដៀងគ្នានេះបានធ្វើឡើងកាលពីសប្តាហ៍មុន នៅពេលដែលលោក លី បានអញ្ជើញថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មបរទេសទៅកាន់ការិយាល័យឈឹងវ៉ាដេហើយបានអំពាវនាវឱ្យមានការពង្រីកការជ្រើសរើសយុវជន និងការវិនិយោគកាន់តែច្រើននៅក្នុងតំបន់មិនមែនរដ្ឋធានី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





