រដ្ឋមន្ត្រីក្រសួងការពារជាតិសង្កត់ធ្ងន់លើការត្រៀមខ្លួនការពារដែនអាកាស និងការប្រឆាំងភេរវកម្ម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អាន យូប៊ែក (Ahn Gyu-back) កាលពីថ្ងៃចន្ទបានទៅទស្សនកិច្ចបញ្ជាការដ្ឋានទទួលបន្ទុកការពារតំបន់រដ្ឋធានី ដើម្បីត្រួតពិនិត្យការត្រៀមខ្លួនយោធាសម្រាប់ការពារដែនអាកាស ការប្រឆាំងភេរវកម្ម និងហេតុការណ៍បន្ទាន់ផ្សេងៗទៀត។
យោងតាមក្រសួងបានឱ្យដឹងថា លោក អាន បានទៅទស្សនាបញ្ជាការដ្ឋានការពាររដ្ឋធានីនៅភាគខាងត្បូងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជំរុញឱ្យបញ្ជាការដ្ឋានផ្តោតលើ «បេសកកម្មពីកំណើត»របស់ខ្លួន ដើម្បីស្តារទំនុកចិត្តពីសាធារណជនឡើងវិញ។
លោកបានមានប្រសាសន៍ថា «ឥឡូវនេះជាពេលវេលាដើម្បីផ្លាស់ប្តូរចេញពីស្លាកស្នាមនៃការបះបោរកាលពីថ្ងៃទី៣ ខែធ្នូ ហើយដោយស្មារតីនៃការពឹងផ្អែកលើខ្លួនឯង សូមលះបង់ខ្លួនយើងចំពោះបេសកកម្មស្នូលនៃការការពាររដ្ឋធានី»។
ប្រមុខការពារជាតិក៏បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការការពារដែនអាកាសរួមគ្នា ដើម្បីត្រួតពិនិត្យជំហរការពារដែនអាកាសបន្ទាប់ពីការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីថ្មីៗនេះ។
លោក អាន ក៏បានទៅទស្សនកិច្ចអង្គភាពប្រឆាំងភេរវកម្មក្រោមបញ្ជាការដ្ឋាន និងបានជំរុញឱ្យរក្សាជំហរត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





