ចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន និងបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅភាគនិរតីប្រទេសប៉ាគីស្ថាន និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់ប្រទេសប៉ាគីស្ថាន។
យោងតាមរបាយការណ៍បានឱ្យដឹងថា កងទ័ពរំដោះខេត្តបាឡូជីស្ថានបានបើកការវាយប្រហារនៅក្នុងតំបន់ជាច្រើននៃខេត្តបាឡូជីស្ថាន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមមន្ដ្រីសន្តិសុខ និងជនស៊ីវិល។
នៅពេលសួរអំពីមតិយោបល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃអ្នកនាំពាក្យ លោក ជីន ចៀន (Lin Jian) បាននិយាយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ លោកបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងបានសម្តែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រចំពោះអ្នករងរបួស និងក្រុមគ្រួសារជនរងគ្រោះ។
លោកបានមានប្រសាសន៍ថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់ ហើយគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម រក្សាឯកភាពសង្គម និងស្ថិរភាព និងការពារសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





